អាជ្ងាធរនិងពលរដ្ឋ លើកជាយោបល់គ្នាក្នុងការរំដោះទឹកជំនន់ ពេលមានទឹកភ្លៀងម្តងៗ នៅចំណុចផ្លូវ LV ក្នុងក្រុងព្រះសីហនុ
-

ព្រះសីហនុៈ ជំនន់ទឹកភ្លៀង នៅចំណុចផ្លូវ LV ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានកើតឡើងនៅរៀងរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ ក្នុងនោះជន់តិចឬខ្លាំងអាស្រយ័ទៅលើភ្លៀងតិចឬច្រើន។ ជាក់ស្តែងក្រោយមានភ្លៀងធ្លាក់ច្រើនកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់នោះបានធ្វើអោយពលរដ្ឋជួបការលំបាក ទាំងពលរដ្ឋមានលំនៅដ្ឋានជាប់ផ្លូវ ឬអ្នកបើកបរយានយន្តឆ្លងកាត់ ហើយកន្លងមករដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្ត បានរិះរកវិធីជាច្រើន ដើម្បីរំដោះទឹកពេលមានជំនន់ទឹកភ្លៀងម្តងៗ ដូចជាការស្តារយកសំរាមចេញ ពីប្រឡាយទឹកនៅស្ពាន LV កុំអោយស្ទះចរន្តទឹកជាដើមប៉ុន្តែវិធានការនេះនៅមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយ។

បើតាមពលរដ្ឋមួយចំនួនដែលរស់នៅតំបន់នោះអោយដឹងថា ដើម្បីរំដោះទឹកបានលឿនពេលមានភ្លៀងម្តងៗ ក្រៅពីបើកផ្លូវទឹកតាមចំណុចស្ពានប្រឡាយ LV ពលរដ្ឋបានស្នើសុំអោយរដ្ឋបាលក្រុងនិងខេត្តពិនិត្យលទ្ធភាពក្នុងការស្តារបើកផ្លូវទឹក តាមផ្លូវស្របចុះពីសាលាសង្កាត់លេខ៤ ត្រង់ចុះមកទំនាបប៉ែកខាងក្រោម ប្រវែងប្រហែលជាង៣០០ម៉ែត្រតែប៉ុណ្ណោះ រួចភ្ជាប់ជាមួយប្រពន្ធ័បង្ហូរទឹកដែលពលរដ្ឋបានធ្វើរួច ជំនន់ទឹកភ្លៀងនៅផ្លូវ LV នឹងត្រូវបានបញ្ចប់។