លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc និងជាអ្នកតាមដានសង្គមសេដ្ឋកិច្ច ចង់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់ ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី។

លោក ង៉ែត ជូ បញ្ជាក់ថា ការលុបចោលបំណុលនេះ ក៏ជាការជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ (ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល)។
លោក ង៉ែត ជូ យល់ឃើញថា៖ «ការលុបបំណុលនេះមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹងរងនូវភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន»។

កម្ពុជានិងថៃបានឈានដល់ការសម្រេចបទឈប់បាញ់មួយកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំទល់មុខមួយនៅប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីដូណាល់ត្រាំ ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ កិច្ចប្រជុំនោះឈានដល់មានបទឈប់បាញ់បន្ទាន់មួយនៅម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការយោធភូមិភាគជាប់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅកម្ពុជា។

បន្ទាប់ពីឈានដល់បទឈប់បាញ់នេះប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំង និងតំណាងសហភាពអឺរ៉ុប បានបង្ហាញការអបអរសាទរផងដែរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា ការសម្រេចបានជោគជ័យនៃបទឈប់បាញ់នេះបានសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏បានបញ្ជាឱ្យក្រុមការងារពាណិជ្ជកម្មរបស់លោកធ្វើការចចារពាណិជ្ជកម្មឡើងវិញជាមួយប្រទេសកម្ពុជា និងថៃផងដែរ។
លោក ដូណាល់ត្រាំ សរសេរថា៖ «ពេលនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេល៦ខែមកនេះ ខ្ញុំមានមោទនភាពដែលក្លាយជាប្រធានាធិបតីនៃសន្ដិភាព»៕