ទន្លេកុកក្នុងខេត្តឈៀងរ៉ៃ ដែលធ្លាប់ជាប្រភពទឹកដ៏សំខាន់ និងត្រីច្រើន ឥឡូវនេះជាតំបន់ដែលត្រូវព្រួយបារម្ភ ដោយ របាយការណ៍ដ៏គួរឱ្យតក់ស្លុតបង្ហាញឱ្យឃើញត្រីដែលចាប់បានក្នុងខែមេសា និងឧសភា ជាមួយនឹងដំបៅ ពេញខ្លួនដូច Zombie ដែលជាការជូនដំណឹងអំពីការបំពុលទឹកធ្ងន់ធ្ងរក្នុងតំបន់ ដែលធ្វើអោយត្រីទាំងនេះមានជំងឺដំបៅលើខ្លួនប្រាណ ។

កាលពីថ្ងៃទី 30 ខែមេសា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mae Fah Luang បានធ្វើតេស្តទឹកពីកន្លែងចំនួន 9តំបន់ នៅតាមដងទន្លេ ហើយបានរកឃើញកម្រិតជាតិអាសេនិចរហូតដល់ 19 ដង លើសពីស្តង់ដារសុវត្ថិភាព ដោយមានការបំពុលខ្ពស់បំផុតនៅ តំបន់ត្រីកោណមាស ក្នុងស្រុកឈៀងសាន។

ក្រោយពីមានបញ្ហានេះ មន្ត្រីទាំងខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ បានណែនាំឲ្យប្រជាពលរដ្ឋចៀសវាងប្រើប្រាស់ទឹកពីទន្លេ កាលពីថ្ងៃទី 3 ខែឧសភា អភិបាលខេត្តឈៀងរ៉ៃបានចេញការព្រមានជាបន្ទាន់មួយ បន្ទាប់ពីទឹកនៅក្នុងទន្លេកុកប្រែជាខ្មៅខុសពីធម្មតា ។ 2ថ្ងៃក្រោយមក អ្នកស្រុក បានរាយការណ៍ថា ឈឺភ្នែក និងហើម បន្ទាប់ពីចូលប្រឡាយដែលជាប់នឹងទន្លេ។

កាលពីថ្ងៃ អង្គារ៏ គេបានអំពាវនាវឲ្យរដ្ឋាភិបាលថៃបើកការចរចាបួនភាគីជាបន្ទាន់ជាមួយប្រទេសមីយ៉ាន់ម៉ា ក្រុមជនជាតិភាគតិចសាន និងប្រទេសចិន។ ពួកគេជឿថា ប្រតិបត្តិការរុករករ៉ែនៅមីយ៉ាន់ម៉ា គឺជាប្រភពចម្បងនៃការបំពុលនេះ។ សមាគមក៏បានស្នើនូវសកម្មភាពជាក់ស្តែងចំនួន7 រួមទាំងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន មជ្ឈមណ្ឌលធ្វើតេស្តទឹករហ័ស និងតម្លាភាពទិន្នន័យសាធារណៈ។ Source : the nation / Aplus Tripz


