ធ្លាប់ជាក្មេងរកស៊ីខាតបង់រាប់មុឺនដុល្លារ មកចាប់អាជីបចំណាយ៥០០ដុល្លារ សល់លុយរាប់មុឺនដុល្លារវិញ
សីហា
-

មនុស្សយើងម្នាក់ៗតែងមានក្តីស្រមៃផ្សេងៗគ្នា ហើយក្តីស្រមៃទាំងនោះអាចជាគោលដៅការងារ វត្ថុដែលទីប្រាថ្នា ឬសុភមង្គលមួយដ៏ស្រស់ត្រកាសនៅថ្ងៃអនាគត ។ ក្តីស្រមៃសម្រាប់អនាគតការងារមានច្រើន ដោយអ្នកខ្លះចង់ធ្វើប៉ូលីស ចង់ធ្វើអ្នកចម្រៀង ចង់ធ្វើអ្នកជំនួញជាដើម ។ ក្តីស្រមៃវានៅត្រឹមតែជាក្តីស្រមៃ ប្រសិនបើយើងមិនបានធ្វើសកម្មភាពទាំងនោះ វាស្មើរនឹងសូន្យ។

ខណៈពេលនេះ ឯកមកមើលការខំប្រឹងប្រែងពីយុវជនម្នាក់ដែលមកពីខេត្តកំពត បានទទួលបទពិសោធន៍បរាជ័យជាច្រើន តែនៅមិនបោះបង់ក្តីស្រមៃរហូតដល់ថ្ងៃមួយសម្រេចបានជោគជ័យ។ លោកមានឈ្មោះថា សុភី ភីចននី ដែលត្រូវបានគេស្គាល់ថា ភី នុរក្សបុន្នី (Phy NorakBunny) ទើបតែអាយុ២២ឆ្នាំ តែចិត្តគំនិតពិតជាមិនធម្មតា។

ប្រវត្តិនៃការរកស៊ីរបស់គាត់ បានជួបឧបស្កគ្គជាច្រើន ខាតបង់លុយកាក់អស់រាប់មុឺនដុល្លារ តែមិនបោះបង់ក្តីស្រមៃរបស់គាត់។ ជំហានដំបូង គាត់បានចាប់ផ្តើមរកស៊ីជាមួយម៉ាក់អាវ ឈ្មោះ Pretiemuch ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ដែលមានដើមទុនត្រឹមតែ ៥០០ដុល្លារប៉ុណ្នោះ ហើយលុយនោះក៏បានខ្ចីពីម្តាយដើម្បីយកមកផលិតអាវលក់ដំបូង ដោយហេតុចង់ក្លាយជាម្ចាស់ប្រ៊េនល្បីមួយ គាត់បានខិតខំរកប្រភពនៃការផលិត ដើរទាក់ទងភ្ញៀវ ហើយខ្លួនមិនមានជំនួញទៀតផងនោះ ដូចរាវម្ជុលក្នុងបាតសមុទ្រអីចឹង តែដោយហេតុតែស្រលាញ់ មិនខ្វាល់ពីព្យុះភ្ហៀង រហូតផលិតអាវបានជាលើកដំបូង។ តែអ្វីដែលនឹកស្មានមិនដល់ ពេលផលិតចេញមក គឺខុសពីអ្វីដែលយើងរំពឹងទុក គឺសាច់ក្រណាត់អន់មែនទែន ហើយទឹកថ្នាំប្រើមិនកើត របកចេញមកទាំងផ្ទាំង ពេលនោះខ្ញុំខកចិត្តយ៉ាងខ្លាំង តែចុងក្រោយខ្ញុំសម្រេចចិត្តថា នឹងលក់ដើម្បីបង្វិលដើមបន្តសិន ក៏បានដាក់លក់ជាផ្លូវការ ហើយក៏សម្រេចដូចបំណង ត្រឹមរយៈពេល៣ថ្ងៃ ខ្ញុំលក់អស់ជាង១០០អាវ ខ្ញុំសប្បាយចិត្តណាស់ តែពេលនោះភ្ញៀវដែលទិញយកទៅ ក៏លាន់មាត់ថា គុណភាពអាវអន់ណាស់ សឹងតែ ៣០% ទៅ៤០% ពេលនោះបាត់ភ្ញៀវ អស់រលីង ខ្ញុំក៏ស្ងាត់មួយរយៈ បានប្រហែល២ខែ ក៏មានខាងរោងចក្រមួយ បានទាក់ទងមកខ្ញុំ ដើម្បីសិក្សាររឿងផលិតអាវដែលមានគុណភាពខ្ពស់។ ពេលនោះហើយខ្ញុំក៏សម្រេចចិត្ត ថាលុយដែលលក់បាន នឹងបង្វិលដើម ដើម្បីផលិតអាវម្តងទៀត មួយខែកន្លះក្រោយមក ខ្ញុំបានផលិតអាវចេញជាលើកទី២ លើកនេះភ្ញៀវបានសរសើរថា គុណភាពគឺល្អ អាចទទួលយកបាន តែស្តាយណាស់ យើងត្រូវរកភ្ញៀវថ្មីៗ ២ ទៅ ៣ ខែ ទើបលក់បាន៤០ ទៅ៥០អាវ។

ស្ងាត់មួយរយៈខ្ញុំក៏បានចាប់យកអាជីបមួយទៀត គឺជាអ្នកលក់ស្លាប់មាន់ កាលណោះខ្ញុំចាប់ផ្តើមតាំងពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយឆ្លៀតឪកាសសន្សំលុយ ដែលលក់ស្លាបមាន់ជិតមួយឆ្នាំ ក៏សម្រេចចិត្តបោកកូនជ្រូក យកទៅបើកហាងម្តងទៀត នៅម្តុំទួលទំពូង ដែលមានយីហោឈ្មោះ Pretiemuch ដដែល។

ក្រោយពីមានការគាំទ្រច្រើនពីសំណាក់ពុកម៉ែបងប្អូន ខ្ញុំក៏សម្រេចចិត្តបើកហាង មួយទៀតនៅតាខ្មៅ ដែលបានចំណាយទឹកប្រាក់រហូតដល់ ៥មុឺនដុល្លារ លុយនេះក្រុមគ្រួសាររបស់ខ្ញុំក៏បានរួមចំណែកជួយផងដែរ បានបើកមកដល់ឆ្នាំ២០២៣។

មិនទាន់បានប៉ុន្មានផង ខ្ញុំក៏សម្រេចចិត្តសេងបន្តអំឡុងពេលបើកហាងទី១ ទើបតែបាន២ ឬ៣ខែ ខ្ញុំក៏សម្រេចចិត្តបើកហាងទី២ ដែលមានទីតាំងនៅផ្លូវកម្ពុជាក្រោម ដែលចំណាយដើមទុនសរុបជិត ៣៥០០០ដុល្លារ ទើបតែបើកបានមួយខែ ក៏សម្រេចចិត្តបិទហាងទាំងស្រុង ចេញមកតែខ្លួន នេះហើយជាការសម្រេចចិត្តលឿនពេក និងខ្វះការពិចារណា។ បន្ទាបមកទៀត ខ្ញុំក៏បានបើកហាងទី៣ នៅខេត្តកំពង់ចាមម្តង ដែលចំណាយទុន ៤៥០០០ដុល្លារ ក្នុងអំឡុងពេល២ខែ ខ្ញុំខាតប្រចាំខែ អស់៤៥០០ដុល្លារ ហើយក៏បានបិទហាងមួយទៀត នៅក្នុងឆ្នាំ២០២៣។

គិតត្រឹមរយៈពេលមួយឆ្នាំនេះ ខ្ញុំខាតអស់ទឹកប្រាក់សរុបជាង១០មុឺនដុល្លារ ពេលនេះហើយដែលខ្ញុំលំបាកជាទីបំផុត ដើរខ្ចីបុលគេ ចងការប្រាក់គេ ចុងក្រោយជំពាក់គេ៤០០០០ដុល្លារ។ ក្រោយបិតហាងទី៣ មក រយៈពេលតែមួយខែ ខ្ញុំអាចដោះបំណុលគេបានទាំងអស់ ។

មិនយូរប៉ុន្មាន ខ្ញុំក៏ត្រលប់មកធ្វើម៉ាក់អាវ ដែលជាជំនាញរបស់ខ្ញុំ ចំណាយដើមទុនតិច តែចំណេញបានគួរសម លក់ម៉ូតដំបូង មិននឹកស្មានថាផ្ទុះសាហាវ ក្នុងមួយម៉ោងលក់បានរហូតដល់៦០អាវ គ្មានបារម្ភរឿងគុណភាពទៀតហើយ គឺល្អទាំងព្រម។ ក្រោយរៀងជោគជ័យ ខ្ញុំក៏បានរៀបចំលក់ជាលើកទី២រៀង ខ្ញុំក៏សម្រេចចិត្តបញ្ចេញម៉ូតទី២ថ្មីមួយទៀត លើកនេះមិនខុសពីលើកមុន គ្រាន់តែភ្ញៀវកក់មួយភ្លេតបានរហូតដល់១៥០អាវ ហើយម៉ូតទី៣ គឺផ្ទុះសាហាវដូចគ្នា លើកនេះឈុតធំតែម្តង លក់បានរហូតដល់៤០០អាវ។ ក្រោយជោគជ័យផ្ទួនៗ ប្រេន Pretiemuch ចាប់ផ្តើមល្បីឈ្មោះ អាចប្រកួតប្រជែងលើទីផ្សារបាន។


ហើយបច្ចុប្បន្ននេះ Pretiemuch កំពុងចេញម៉ូតជាបន្តបន្ទាប់ដែលជាស្នាដៃកូន Original Design ទាំងតម្លៃ និងគុណភាព ត្រូវតែលេខ១ នេះជាអ្វីដែល Pretiemuch រំពឹងទុក។ ដូច្នោះមនុស្សយើងម្នាក់ៗទាំងអស់គ្នាមិនត្រូវចុះចាញ់នោះទេ ពីមនុស្សខាតលុយអស់រាប់មុឺន មកសល់លុយក្នុងពាន់ៗដុល្លាររាល់ខែ៕