ចិនថា អាមេរិកអន្ទះសារចង់ចរចាលើរឿងពន្ធ...
Heang
-

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃសុក្រ (០២ ឧសភា) នេះថា សហរដ្ឋអាមេរិក បានដើរទៅរកប្រទេសចិន ដើម្បីស្វែងរកកិច្ចពិភាក្សាជុំវិញពន្ធ ១៤៥% របស់លោកប្រធានាធិបតី Donald Trump ហើយទ្វាររបស់ទីក្រុងប៉េកាំង គឺបើកចំហសម្រាប់ការពិភាក្សាជានិច្ច ដែលជាសញ្ញាបង្ហាញពីការថយចុះកម្ដៅដែលអាចកើតមាន នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក គួរតែត្រៀមខ្លួនចាត់វិធានការក្នុងការកែតម្រូវនូវការអនុវត្ត "ដ៏ខុសឆ្គង" និងលុបចោលពន្ធឯកតោភាគីរបស់ខ្លួន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវបង្ហាញ "ភាពស្មោះត្រង់" ក្នុងការចរចា ហើយការព្យាយាមប្រើកិច្ចពិភាក្សាជាលេសដើម្បីបង្ខិតបង្ខំ និងគំរាម នឹងមិនដំណើរការទេ។

ទីក្រុងប៉េកាំង បានសម្តែងការខឹងសម្បារជាចំហចំពោះពន្ធគយ ដែលខ្លួនចាត់ទុកស្មើនឹងការគំរាមកំហែង និងមិនអាចបញ្ឈប់ការងើបឡើងនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះបានទេ។ ចិនក៏បានខិតខំប្រមូលកម្លាំងជាសាធារណៈ រួមទាំងការដាក់ពន្ធសងសឹក និងថ្កោលទោសជាសកល ចំពោះការទប់ស្កាត់ការនាំចូលរបស់ទីក្រុងវ៉ាស៊ីនតោន។

នៅខាងអាមេរិកវិញ ក្រុមមន្ត្រីជាន់ខ្ពស់រួមទាំងប្រមុខរតនាគារ Scott Bessent និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន Kevin Hassett ក៏បង្ហាញក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពក្នុងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មផងដែរ។ លោក Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកជឿថាមាន "ឱកាសល្អ" ដែលរដ្ឋបាលរបស់លោកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិនបាន៕