ចាប់បានគ្រឿងញៀនឆ្លងដែនជិត១៦០គីឡូក្រាមក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
Sokli
-

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដែលជនសង្ស័យកំពុងដឹកតាមគោយន្ដកន្ត្រៃនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រឹបអូសបានថ្នាំញៀនជិត១៦០គីឡូក្រាម ខណៈជនសង្ស័យពីរនាក់គេចខ្លួនបាត់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរស័ព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន១គ្រឿង។

កម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង៕