ដូចដែលមហាជនជាច្រើន បានធ្លាប់ស្គាល់រួចមកហើយថា អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក សាពូន មីដាដា ដែលធ្លាប់មានឈ្មោះល្បីល្បាញនាពេលកន្លងមក លោកបានផ្អាកពីវិថីសិល្បៈចម្រៀងរបស់លោកអស់ជាច្រើនឆ្នាំមកហើយ។
ទោះបីជាអតីតតារាចម្រៀងលោក សាពូន មីដាដា បានផ្អាកពីសិល្បៈ អស់រយៈពេលជាយូរណាស់មកហើយក៏ពិតមែន តែមកទល់សព្វថ្ងៃនៅតែមានប្រិយមិត្ត បន្តគាំទ្រលោកដដែល។
ដោយឡែកអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី 22 ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា ៖
កូនស្រីមាសឪពុក សាពូន ដារ៉ាពិមាន គម្រប់12 ឆ្នាំគត់ កូនជាកូនដែលប្រកបដោយកុសលធម៌ក្រៃលែងណាស់ កាលកូនកើតមកមន្ទីពេទ្យមិនយកប្រាក់ទេ ដល់កូនចម្រើនវ័យបានជាង 3ឆ្នាំ ពុកជួបរឿងយល់សប្តិកំពុងបើកភ្នែកទាំងថ្ងៃ គឺសម្តេចតេជោពុក និងសម្តេចម្តាយ ដ៏ខ្ពង់ខ្ពស់បំផុត call មកជា( លេខPrivate number ) សួរសុខទុក្ខ ហើយក៏ឲ្យគេយកប្រាក់មកឲ្យ3ម៉ឺន $។
គ្រាកន្លងមកមួយអាទិត្យលោកទាំងទ្វេក៏callមកលេងរហូតៗហើយក៏ឲ្យគេយកប្រាក់ មកឲ្យទៀតជាហូរហែ រហូតកូនចម្រើនវ័យបាន4 ឆ្នាំ សម្តេចតេជោពុកនិងសម្តេចម្តាយលោកបានប្រោះប្រទានមហាកិត្តយសដល់ពុកម៉ែនិងកូនឲ្យទៅជួបលោកទាំងទ្វេនៅភូមិគ្រឹះវិមានឯករាជ្យ កូនចេះណាស់គ្រាន់តែឃើញពុកម៉ែក្រាបថ្វាយបង្គុំ សម្តេចតេជោពុក និងសម្តេចម្តាយភ្លាម កូនក៏បត់ជើងថ្វាយបង្គុំលោកទាំងទ្វេភ្លាមដែរ ពុកម៉ែមានកំពូលកិត្តយសនិងមហាសំណាងក្រៃលែងណាស់ ដោយទទួលបានការសំណេះសំណាល និងខ្សែករដាំពេជ្រជិតប៉ុនកូនដៃព្រមទាំងប្រាក់ដុល្លាមួយវ៉ាលីធំ ដែលជាការប្រទានរបស់សម្តេចទាំងទ្វេ
បីអាទិត្យក្រោយមកពុកម៉ែឡើងច្រៀងកម្មវិធី Bayon TV ច្រៀងបទអក្ខរាលោហិត លោកទាំងទ្វេក៏ប្រទាន20 ម៉ឺន$ ទៀត វេលាកន្លងមក ចូលឆ្នាំមហាសង្រ្កាន្តនៅសៀមរាប លោកទាំងទ្វេបានប្រោះប្រទាននូវវេលាមហាកិត្តយសម្តងទៀតដោយហៅពុកម៉ែទៅហូបបាយនៅសណ្ឋាគារ Angkor city លោកទាំងទ្វេបានប្រទានប្រាក់ដុល្លាមួយកាបូបធំទៀតដល់ពុកម៉ែ ។
ប្រាក់ដ៏ច្រើនក្រាស់ក្រែលទាំងនោះ ពុកបានយកទៅធ្វើជំនួញដែលមិនមែនជាជំនាញ និងសេចក្តីធ្វេសប្រហែសរបស់ពុកផងនោះក៏ខាតបង់ជាបន្តបន្ទាប់រហូតអស់ពីខ្លួន ពុកពោលរៀបរាប់នេះ គឺឲ្យកូនចូរគោរពស្មោះត្រង់ចងចាំជានិច្ចតបស្នងនូវមហាគុណដែលសម្តេចតេជោតានិងសម្តេចយាយ ផ្តល់ឲ្យគ្រួសារយើង ហើយក្នុងដំណើរជីវិតចូរកូនកុំធ្វើជំនួញអ្វីដែលយើងមិនចេះ និងកុំប្រហែសឲ្យសោះ ព្រះពុទ្ធអង្គមុនបរិនិពាន្វបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយចូរញាំងជីវិតនេះឲ្យប្រព្រឹត្តទៅដោយកុំប្រហែសឡើយ ។