ជាការពិតណាស់ពេលនេះ អ្នកនាង សឿ សុធារ៉ា កំពុងតែមានជំងឺប្រចាំកាយ មិនទាន់ជាសះស្បើយដូចដើមនោះទេ ហេតុដូច្នេះហើយទើប នាងមិនទាន់អាចចូលប្រឡូកនៅក្នុងវិស័យសិល្បៈដូចដើមវិញបាននោះទេ ។ ស្របពេលដែលម្តាយកំពុងធ្លាក់ខ្លួនលំបាក គេបានឃើញកូនស្រីច្បងរបស់អ្នកនាង ដែលមានឈ្មោះថា សាពូន ដារ៉ាពិមាន ជាអ្នកចេញរកលុយជួយម្តាយទាំងវ័យក្មេង តាមរយៈការថត ឬការសម្តែងនាៗទៅតាមតម្រូវការរបស់ ម្ចាស់ក្រុមហ៊ុន ។
ដោយឡែកបើយើងក្រឡេកមកមើល សមត្ថភាពរបស់កូនស្រីរបស់ អ្នកនាង សឿ សុធារ៉ា វិញគឺមិនចាញ់ម្តាយរបស់គេនោះទេ ទោះបីជា កុមារីរូបនេះនៅក្មេងមែនពិត ប៉ុន្តែ ពិមាន ចេះលេងភ្លេង ចេះច្រៀង និងសម្តែងបានយ៉ាងល្អទៀតផង ។
ហើយជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ គេបានឃើញលោក ហុិន រស់ ដែលជាអគ្គនាយកក្រុមហ៊ុន ភូមិចំការដូងរីសត បានជូននូវកាដូដីចំការដូងមួយកន្លែង ដែរមានទទឹង១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទៅដល់អ្នកនាង សឿ សុធារ៉ា និងកូនស្រីផងដែរ ។
នេះបើយោងតាមការរៀបរាប់របស់លោក ហុិន រស់ ដែលជាអគ្គនាយកក្រុមហ៊ុន ភូមិចំការដូងរីសត បានឲ្យដឹងដូច្នេះថា ៖
ស្រណោះណាស់ក្មួយពេលស្តាប់ពុកអើយម៉ែអើយរួច ពូបានសម្រេចចិត្តផ្តល់នូវដីលម្ហែកាយទំហំ10×30 ដែលគិតពីតំលៃគឺបួនពាន់ដុល្លារ មានរបងស្រាប់ ដូង និងកញ្ចុះ សម្រាប់ក្មួយស្រី សាពូន ដារាពិមាន ដើម្បីជាទ្រព្យផ្ទាល់ខ្លួនរបស់ក្មួយ ដើម្បីជាការផ្តល់កំលាំងចិត្តជូនក្មួយស្រី និងបងស្រី សឿង សុធារ៉ា កុំអោយអស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូឡើងវិញ ហើយក៏ចង់បញ្ជាក់ថា មានបងប្អូនពូមីងជាច្រើនកំពុងអាណិតស្រលាញ់ គាំទ្រ ក្មួយ និងបងស្រីផងដែរ។ ដីនេះខ្ញុំបានផ្ទេរកម្មសិទ្ធិស្របច្បាប់ជូនក្មួយស្រី បងស្រីតែតែម្តង ។
នៅពេលទទួល កូនសោរ និងប្លង់ដីចំការដូង ពីម្ចាស់ចំការដូងរីសត អ្នកនាងសឿ សុធារ៉ា និងកូនស្រី លេីកម្រាមដៃដប់សំពះទាំងទឹកចិត្តត្រេកអរឥតឧបមា ដោយបានពោលពាក្យថា អរគុណបងណាស់ បេីទោះបីបងជាមនុស្សពិការពិតមែនតែចិត្តបងមិនពិការនោះទេ បងជាមនុស្សម្នាក់ដែរគួរឲ្យគោរពស្រឡាញ់ និងយកគំរូតាម៕









