ភ្នំពេញ ៖ នៅវេលាម៉ោង ១៥និង២៥ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
បើយោងតាមការបញ្ជាក់ឲ្យដឹងពី សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បាននិងកំពុងបញ្ជូនខ្លួន អ្នកនាង អឿន ម៉ូលីកា ទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា អ្នកនាង អឿន ម៉ូលីកា គឺជាអតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ម៉ូលីកា ត្រូវបានគេដឹងថា នាងគឺជាអ្នកជំនួញដែលមានជីវិតហាយសូរ ដែលមានលុយវាល់លានដុល្លារ នៅកាលពីមិនទាន់ធ្លាក់ខ្លួន អ្នកនាងត្រូវបានគេសង្គេតឃើញថា ធ្លាប់ចំណាយលុយទិញឡានទំនើបចូលផ្ទះមួយខែ ៤ ទៅ ៥ គ្រឿង ដែលមានទឹកប្រាក់សរុប ខ្ទង់លានដុល្លារ ក៏មានដែរ ។
គួររំលឹកផងដែរថាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅកាលពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនទាន់ចាប់ខ្លួន មេតុងទីន រូបនេះធ្លាប់បាននិយាយនៅក្នុង វិដេអូឡាយរបស់នាងថា ប្រសិនបើថ្ងៃមួយមានគេប្តឹងនាងរឿងលុយ តុងទីន រហូតឈានដល់ការចូលដល់តុលា ឬជាប់គុក នាងនិងសម្លាប់ខ្លួននៅមុខមហាជនភ្លាមៗ នាងមិនចង់ជាប់គុកនោះទេ ប៉ុន្តែប្រសិនបើម្ចាស់លុយទុកឱកាសឲ្យនាង រកលុយសង នាងនិងនៅរកលុយសងទាល់តែអស់ មិនអោយខ្វះ១ដុល្លារនោះទេ នេះជាការបញ្ជាក់ របស់មេតុងទីន អនឡាញ អ្នកនាង អឿន ម៉ូលីកា នៅកាលពីកន្លងទៅ ៕









