ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ១០ ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ តាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមប្រភពព័ត៌មានដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក San prum។
ប្រភពបានបន្តថា ក្នុងនោះដែរតុលាការក៏បង្គាប់ឲ្យ ឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្ដឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីកំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈកាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយទុកសិទ្ធិឲ្យប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
តុលាការបានទទួលបណ្ដឹងតាមដីកាបញ្ជូនរឿងមកជម្រះផ្ទាល់ លេខ ១០១ អ.យ. ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបញ្ជូនជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មកជំនុំជម្រះផ្ទាល់ ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
ទាក់ទងព័ត៌មានខាងលើ ដ៏រសើបនេះ ពិធីករលោក ប៉ែន ចំរ៉ុង សុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ដោយថាលោកកំពុងតែរវល់ដោះស្រាយបញ្ហានេះ។
សូមបញ្ជាក់ផងដែរថាលោក ប៉ែន ចំរ៉ុង គឺជាសិល្បករពហុជំនាញមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពជាច្រើនសម្បូរបែប មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងមានសម្លេងគាំទ្រជាច្រើនទៀតផង ៕















