កូនក្មេងអាយុ២ឆ្នាំម្នាក់ត្រូវគេយកមកទុកចោលនៅខាងមុខហាងមួយកន្លែង ដោយប៉ូលីសសង្ស័យថា...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNNកាលពីថ្ងៃទី១៥ធ្នូម្សិលមិញបានអោយដឹងថា ប៉ូលីសកំពុងតែតាមដានរកបុរសម្នាក់ដែលបានដឹកដៃកូនក្មេងអាយុ២ឆ្នាំមកទុកចោលនៅខាងមុខហាងGoodwill រដ្ឋMississippi ដោយមានតែក្រដាសមួយសន្លឹកនិងកាបូបដាក់សំលៀកបំពាក់តែប៉ុណ្ណោះ។

អ្នកនៅក្បែរនោះម្នាក់បានទូរស័ព្ទប្តឹងប៉ូលីនៅព្រឹកថ្ងៃច័ន្ទបន្ទាប់ពីឃើញបុរសម្នាក់ស្លៀកសំលៀកបំពាក់ពណ៏ខ្មៅនិងមួកខ្មៅ បានយកកូនក្មេងម្នាក់ទុកចោលនៅខាងមុខហាងមួយកន្លែង ហើយក៏បើកឡានចេញទៅ។

បន្ទាប់ពីទទួលបានដំណឹងលោកអធិការនៅក្នុងតំបន់ លោកMacon Moore នឹងក្រុមការងារបានទៅដល់ភ្លាម ហើយលោកបានអោយដឹងថាក្មេងនោះនៅក្មេងពេក គេពិបាកក្នុងការប្រាប់ឈ្មោះខ្លួនឯងនិងប៉ាម៉ាក់របស់គេណាស់។

ប៉ុន្តែដោយឡែក ក្រុមប៉ូលីសបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅម្តុំនោះ ហើយបានឃើញមនុស្សប្រុសស្រី២នាក់ ដែលបានឈប់ឡាននៅក្បែរនោះហើយយកកូនក្មេងមកទុកចោល ដែលប៉ូលីសសង្ស័យថាអាចជាប៉ាម៉ាក់របស់ក្មេង។យ៉ាងណាមិញ លោកMooreបានអោយដឹងថា ទាំងរាងកាយនឹងខួរក្បាលក្មេងនោះគឺធម្មតាគ្រប់យ៉ាង។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយទូរទស្សន៍CNN លោកបានអោយដឹងថា “ មានភ្នាក់ចំនួន៣ស្ថាប័នផ្សេងគ្នាដែលកំពុងធ្វើការស៊ើបអង្កេតក្នុងករណីនេះ ហើយវាអាចមានជនសង្ស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ ចំនែកពេលនេះក្មេងកំពុងស្ថិតនៅជាមួយភ្នាក់ងារការពារកុមារ ហើយយើងអាចនឹងអោយគេត្រលប់ទៅជួបជុំគ្រួសារវិញ បន្ទាប់ពីស៊ើបអង្កេតបានល្អិតល្អន់ហើយ”។  

                                                                                                                                                                

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn