កូរ៉េខាងត្បូងអនុម័តច្បាប់ហាមឃាត់ការចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី១៥ ធ្នូនេះបានអោយដឹងថា សភារបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយកាលពីថ្ងៃច័ន្ទ(១៤ធ្នូ) ដើម្បីហាមឃាតការចាប់ផ្តើមចែកចាយខិត្តប័ណ្ណ ឃោសនាចូលទៅកូរ៉េខាងជើងតាមព្រំដែន ដែលច្បាប់នេះត្រូវសកម្មជនសិទ្ធមនុស្សថ្កោលទោសថាជាការរំ.លោ.ភលើសេរីភាពបញ្ចេញមតិ។

ជាទូទៅ ក្រុមអ្នករត់ចោលជួរកូរ៉េខាងជើងដែលបានរត់មកជ្រកកោននៅកូរ៉េខាងត្បូងនឹងអ្នកធ្វើយុទ្ធនាការផ្សេងទៀត តែងតែផ្ញើខិត្តប័ណ្ណប្រឆាំងនិងទីក្រុងព្យុងយាងអស់ពេលរាប់សិបឆ្នាំមកហើយ ដោយមានស្បៀងអាហារ ថ្នាំពេទ្យ វិក័យប័ត្រមួយដុល្លារ វិទ្យុខ្នាតតូច យូអេសប៊ីដែលផ្ទុកព័ត៏មាននិងរឿងភាគកូរ៉េខាងត្បូងចូលទៅកូរ៉េខាងជើងតាមរយះ ដាក់ក្នុងប៉ោងប៉ោងបង្ហោះទៅ ឬដាក់ក្នុងដប រួចបណ្តែតាមព្រំដែនទន្លេចូលទៅកូរ៉េខាងជើង។

យ៉ាងណាមិញ សភាកូរ៉េខាងត្បូងបានថ្លែងថា បុគ្គលដែលរំ.លោ.ភលើច្បាប់ដែលនឹងចូលជាធរមាននេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំនិងពិន័យជាប្រាក់ ៣០លានវ៉ុន( ២៧,៥០០ដុល្លារ)។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះត្រូវបានអនុម័តទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមជំទាស់ដើម្បីរារាំងភាគច្រើននៃគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Moon Jea-in ដែលចង់ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងឆ្លងកាត់ព្រំដែនអន្តរកូរ៉េក៏ដោយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia