អតីតឧត្តមសេនីយ៍ផ្កាយ៤ នឹងក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិស្បែកខ្មៅដំបូងគេបំផុតរបស់អាមេរិក
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានFox News នៅថ្ងៃទី៨ ធ្នូនេះបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នឹងតែងតាំងអតីតឧត្តមសេនីយ៍ផ្កាយ៤ចូលនិវត្តន៍វ័យ៦៧ឆ្នាំ លោក ឡូត អូស្ទីន(Lloyd Austin)ជនជាតិអាមេរិកកាំងដើមកំណើតអាហ្វ្រិកដំបូងគេធ្វើជារដ្ឋមន្រ្តីការការពារជាតិរបស់អាមេរិកក្នុងរដ្ឋបាលរបស់លោក។

លោក អូស្ទីន ជាអតីតមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកនិងកងកម្លាំងចម្រុះដឹកនាំនៅក្នុង.ស.ង្គ្រា.ម.អ៊ឺរ៉ាក់ និង អាហ្វហ្កានីស្ថាន ក្នុងអាណត្តិដំបូងរបស់ប្រធានាធិបតីអូបាម៉ា។ហើយនៅពេលនេះ លោកត្រូវបានជ្រើសតាំងអោយកាន់ដំណែងកំពូល ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការការពារជាតិស្បែកខ្មៅដំបូងរបស់អាមេរិក។

ដោយឡែក ការជ្រើសតាំងនេះត្រូវឆ្លងកាត់ព្រឹទ្ធសភា ជាមុនសំរាប់ការកាន់ដំណែង ហើយលោកចាំបាច់ត្រូវសុំការលើលលែងពិសេសពីព្រឹទ្ធសភា ដោយសារតែច្បាប់សហព័ន្ធកំណត់ថា មន្រីយោធាដែលចូលនិវត្តន៍ត្រូវរងចាំ៧ឆ្នាំមុនពេលបម្រើការជាប្រធានបញ្ចកោណម្តងទៀត។

ប៉ុន្តែគួរបញ្ជាក់ថា ព្រឹទ្ធសភាពអាមេរិក ធ្លាប់លើកលែងរួចមកហើយ សម្រាប់ការតែងតាំងឧតម្តសេនីយ៍ Jim Mattis ធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីឆ្នាំ២០១៧ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ foxnews