ភ្នំពេញ៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនតាមក្រោយ ខណៈអ្នកតំណាងផលិតផលម្នាក់ (BA) ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយលោតពីលើផ្ទះនោះ។
![](/wp-content/uploads/2024/4/11/media/large/278212/334931659_225318653229588_6072544989930716598_n.jpg?1712824471)
![](/wp-content/uploads/2024/4/11/media/large/278213/386105154_6686809131412277_1424199050174696442_n.jpg?1712824471)
![](/wp-content/uploads/2024/4/11/media/large/278214/386102843_6686809308078926_637021332949261692_n.jpg?1712824471)
ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប៉ុន្ដែទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្លាយព័ត៌មានជាសាធារណៈ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។
![](/wp-content/uploads/2024/4/11/media/large/278215/420069966_7037101573049696_2361665001382576774_n.jpg?1712824483)
![](/wp-content/uploads/2024/4/11/media/large/278216/434854119_751481987116699_3743347817536302261_n.jpg?1712824483)
ទាំងប្រភពព័ត៌មានពីសមត្ថកិច្ច និងប្រភពពីកន្លែងកើតហេតុ បានអះអាងថា នៅប្រហែលម៉ោង១១យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។
![](/wp-content/uploads/2024/4/11/media/large/278217/435096080_288626350949480_2511056234050966018_n.jpg?1712824491)
ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងគំរាមបុរសជាប្ដីម្ចាស់ផលិតផល ត្រូវបានគេស្គាល់ឈ្មោះ ឈួរ ឈុនហួរ ហើយក៏បាញ់មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ ដែលជាប្ដីម្ចាស់ប្រេនឡេ Lakamo នោះរួច ជនដៃដល់បានជំរិតឲ្យជនរងគ្រោះ យកលុយមកប្រគល់ឲ្យខ្លួន ចំនួន២០ម៉ឺនដុល្លារ។
ការធ្វើសកម្មភាពរបស់ជនដៃដល់នៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ៧ ថ្ងៃទី១១ ខែមេសា ហើយហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់។
នៅពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
![](/wp-content/uploads/2024/4/11/media/large/278218/436449108_7398072706953308_5655731489289503829_n.jpg?1712824500)
យ៉ាងណាមិញ ក្រៅពីបុរសជាម្ចាស់ដែលត្រូវបានសម្លាប់ ហើយជនដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរនោះ ក៏មានជនរងគ្រោះម្នាក់ទៀតផងដែរ ដែលរងរបួសដោយសារភ័យ ហើយលោតពីលើផ្ទះទាក់ជាមួយរបងឈ្មោះ សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok និងជា BA ផលិតផលឡេ Lakamo។
រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះ សរុប១២នាក់ តាមនីតិវិធីជំនាញ៕ ប្រភព ៖ Fresh News