សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើហ្វេសប៊ុកឡើងវិញហើយ នៅថ្ងៃទី៣០សីហានេះ
Sokli
-

ភ្នំពេញ៖ ថ្មីៗនេះកាលពីថ្ងៃ ទី៣០ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុករបស់សម្តេចវិញហើយ។ សម្តេចតេជោ បានបង្ហោះសារ ពាក់ព័ន្ធនឹងការរម្លឹករបស់សម្តេច នៅលើតេឡេក្រាមរបស់សម្តេច ចំពោះអ្នកដឹកនាំបន្តវេន លើការកែទម្រង់ ដែលត្រូវតែ «រក្សាចាស់ បង្កើនថ្មី»។



សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះឡើងវិញ នៅលើហ្វេសប៊ុករបស់សម្តេចថា «ខ្ញុំបង្ហោះសារ (ក្នុងtelegram) ដែលខ្ញុំនិយាយ ក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយ័ត្ន លើភាពអគុណធម៌ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំ កាលពីល្ងាចថ្ងៃ១០សីហា ២០២៣ ពេលជួបជុំ មុនពេលគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរៀបចំ។ ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឲ្យតម្លៃ សម្រាប់មនុស្ស ដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញ ដោយគ្មានមូលហេតុដែរ»។

សូមរលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុក បានសម្រេច មិនដាក់ពិន័យ ដោយបិទហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោក ដួង តារា ដែលជា Admin ផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនផេកហ្វេសប៊ុកនោះ ដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រើប្រាស់ឡើងវិញ ក្រោយសម្តេច បានសម្រេចឈប់ប្រើហ្វេសប៊ុកនោះ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៕