បងប្អូនប្រជាជនខ្មែរ ប្រាកដជាបានស្គាល់រួចមកហើយ នូវរបាំប្រជាប្រិយ មួយរបស់ខ្មែរ នោះគឺរបាំគោះអង្រែ ។ របាំគោះអង្រែនេះ បង្កើតឡើង ដោយប្រើប្រាស់ដុំឈើ អង្រែ ហើយនិងត្បាល់ ដែលកសិករ តែងតែយកវាទៅបុ កកម្ទេចសំបកគ្រាប់ស្រូវចេញ ម្យ៉ាងទៀត របាំនេះ តែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីរដូវច្រូតកាត់ហើយ គឺធ្វើដើម្បីថ្លែងអំណរគុណនិងការគោរពចំពោះព្រលឹងអារក្ខអ្នកតា ទាំងឡាយដែលនាំមកនូវភាព រុងរឿង និង ការលូតលាស់ដល់ការដាំដុះស្រូវ។ ប្រជាកសិករនាំគ្នារាំលេងកម្សាន្តនៅពេលឈប់ សម្រាកពីការច្រូតកាត់ ឬ ក្នុងពិធី ។



ឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងការសម្តែងរបាំគោះអង្រែ ពុំមានអ្វីច្រើននោះទេ គឺមានតែអង្រែពីរ មានប្រវែងប្រមាណាជាងពីរម៉ែត្រ និងទំហំប្រមាណប៉ុនកំភួនដៃប៉ុណ្ណោះ និងមានអង្រែងពីរជាកំណល់សម្រាប់កល់ចុងសងខាង។ ជាក់ស្តែងយើងទៅមើលពីការរាំកម្សាន្តរបស់ប្អូនសិស្សសាលាវិទ្យាល័យ ប៊ូ ថង អូរជុំ នៅខេត្តរតនគិរី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គម ខណៈមានកូនសិស្សជាច្រើនបានជុំគ្នាលេងរបាំគោះអង្រែនេះ។
នៅក្នុងរូបភាព នៃការរាំរបាំអង្រែ នេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប សប្បាយចិត្ត ពេលបានឃើញទិដ្ឋភាពមួយនេះ កំឡុងរបាំមួយនេះ ពុំត្រូវបានគេយកមកលេងដូចពីមុនទៀតហើយ ដោយសារនៅតាមបណ្តាខេត្ត ប្រជាកសិករក្រោយពេលប្រមូលផលហើយ ក៏បានរៀបចំចាត់ចែង ចេញទៅរកស៊ី ដើម្បីសម្រួលដល់ជីវភាព ម្យ៉ាងនៅតាមស្រុកភូមិ យុវជន យុវតី ជាច្រើនបានចេញពីស្រុកកំណើត ដើម្បីស្វែងរកការងារធ្វើរៀងៗខ្លួន។
បន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយ ធ្វើឲ្យបងប្អូនខ្មែរ ពិតជាចង់លេងកម្សាន្តណាស់ ។ យ៉ាងណាមិញ មានតែពាក្យសរសើរស្ងប់ស្ងែង ពីទឹកចិត្តប្អូនៗ លោកគ្រូអ្នកគ្រូ ដែលបានរៀបចំ ក៏ដូចជាឲ្យប្អូនៗជំនាន់ក្រោយគាត់បានរាំលេងកម្សាន្ត និង ទុកជាឯកសារសម្រាប់ក្មេងជំនាន់ក្រោយៗទៀត ឲ្យបានឃើញ ពីរបាំអង្រែ ថាពេលរាំទៅពិតជាស្រស់ស្អាត និងសប្បាយខ្លាំងណាស់៕






























ប្រភពរូប៖ វិទ្យាល័យ ប៊ូ ថង អូរជុំ ខេត្តរតនគិរី