នេះជាចំណងជើងចុះផ្សាយលើគេហទំព័រ Vietnamnet បង្ហោះផ្សាយនៅវេលាម៉ោង ១២និង១៣នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។តាមនោះក្រុមអ្នកជំនាញការអាកាសចរណ៍ បានជួលឧទ្ធម្ភាចក្ររុករកយន្តហោះ MH 370 ក្នុងព្រៃក្រាស ប្រទេសកម្ពុជា។ ផ្អែកតាមរូបភាពត្រូវបានរកឃើញតាមរយៈ Google Maps របស់ Ian Wilson ផលិតករវីដេអូ សញ្ជាតិអង់គ្លេស ដែលជឿជាក់ថា បានរកឃើញតម្រុយ MH 370 នៅតំបន់ព្រៃក្រៅរាជធានីភ្នំពេញ ។
តាមរយៈព័ត៌មានខាងលើមនុស្សមួយក្រុម៣នាក់ រួមមាន Zorba Parer ទីប្រឹក្សាអាកាសចរណ៍ Narakang ពាណិជ្ជករនៅមូលដ្ឋាន និងអ្នកកាសែត Michael Carr បានជួលឧទ្ធម្ភាចក្រតម្លៃ ៣០០០ដុល្លារ/ជើង ដើម្បីហោះហើរពីលើព្រៃស្វែងរក។ ក្រុមអ្នកជំនាញការនេះបានស្វែងរកពីរយៈកម្ពស់ ១៥០ម៉ែត្រ ពីលើព្រៃ តែពុំប្រទះឃើញ MH 370 ទេ។ ពួកគេជឿថាពពកក្រាស ឬពុំទាន់ចំកូអ័រដោណេ ទើបធ្វើឲ្យដំណើររុករកនេះបរាជ័យ។ លោក Parer ធ្លាប់ធ្វើការឲ្យ NASA ប្រាប់ថា ៖ “យើងប្រឹងសង្កេតរកបំណែករបស់យន្តហោះដែលអាចធ្លាក់ចុះនៅទីណាមួយនោះ តែពុំឃើញអ្វី ។ យើងខ្ញុំក៏ពុំបានឃើញតម្រុយនៃយន្តហោះ ឬសាកសពអ្វីទេ ។ អ្វីដែលយើងខ្ញុំឃើញគឺសុទ្ធសឹងភ្នំ និងឧទ្យានជាតិ ព្រមទាំងទីតាំងអាឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់”។លោក Parer និងសមាជិកក្រុមរុករក គឺជាជនដំបូងបានធ្វើការស្វែងរក MH 370 ពីលើអាកាស ដោយឧទ្ធម្ភាចក្រ ។ ដំបូងឡើយពួកគេចង់ស្វែងរកតាមថ្មើរជើង ប៉ុន្តែតំបន់ព្រៃនោះគ្រោះថ្នាក់ពេក ។ នៅក្នុងសប្តាហ៍នេះដែរ ក្រុមហ៊ុន Space View របស់ចិនក៏ប្រមូលផ្តុំការរុករក MH 370 ពីលំហ តែពួកគេក៏អះអាងថា ពុំទាន់ឃើញសញ្ញាណាមួយពីយន្តហោះដែលបាត់ស្រមោលយ៉ាងអាថ៌កំបាំងពីថ្ងៃទី៨ ខែសីហាឆ្នាំ២០១៤ ។ សូមបញ្ជាក់ថា ការស្វែងរករបស់ក្រុមលោក Parer បានធ្វើឡើង បន្ទាប់ពីពេលកន្លងទៅ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា យន្តហោះ MH370 របស់ម៉ាឡេស៊ី ទំនងជាធ្លាក់នៅក្នុងទឹកដីប្រទេសកម្ពុជា។ ការអះអាងទាំងនេះ ត្រូវបានពឹងផ្អែកលើរូបថតពីផែនទីលើ Googe Earth ដែលបង្ហាញវត្ថុម្យ៉ាង មានរាងដូចយន្តហោះ ស្ថិតនៅម្ដុំព្រៃក្រាស់ នាភ្នំឱរ៉ាល់ ចន្លោះព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ពាក់ព័ន្ធនឹងព័ត៌មានដែលថា MH370 ធ្លាក់នៅកម្ពុជា ត្រូវអគ្គនាយកអាកាសចរណ៍ស៊ីវិលកម្ពុជា លោក កែវ ស៊ីវន បានធ្វើការបដិសេធ។ លោក កែវ ស៊ីវន បានបញ្ជាក់ប្រាប់ [ខ្លីៗ] នៅថ្ងៃទី៤កញ្ញាថា ប្រសិនបើនេះជារឿងពិត ទោះ MH370 ធ្លាក់នៅកន្លែងណាក៏ដោយនៅក្នុងប្រទេសកម្ពុជា នោះអាកាសចរណ៍ស៊ីវិលកម្ពុជានឹងរុករកឃើញមិនខាន។ ប៉ុន្តែវាគ្រាន់តែជាព័ត៌មានប្រឌិតតែប៉ុណ្ណោះ។ ព័ត៌មានធ្លាក់ MH370 នៅកម្ពុជា ចាប់ផ្ដើមចុះផ្សាយដំបូងឡើយដោយសារព័ត៌មានអង់គ្លេសឈ្មោះ Daily Star។ Daily Star បានស្រង់សម្ដីលោក Ian Wilson អ្នកជំនាញបច្ចេកវិទ្យាម្នាក់ ដែលអះអាងពីការរកឃើញបំបែកយន្តហោះ MH370 តាមរយៈ Google Maps និង Google Earth។ លោកថា បំបែកនោះត្រូវបានប្រទះឃើញនៅលើតំបន់ព្រៃខ្ពស់មួយ ស្ថិតក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា បំបែកនោះមានប្រវែងប្រមាណជា ៧០ម៉ែត្រ ខណៈដែល MH370 មានត្រឹម ៦៣,៧ម៉ែត្រ។ ប៉ុន្តែលោក Wilson ប្រាប់ថា ប្រវែងដែលលើសខ្វះគ្នានេះអាចបណ្ដាលមកពីការបែកបាក់តួខ្លួន និងកន្ទុយយន្តហោះ។ គួររំឭកថា យន្តហោះ MH370 បានបាត់ខ្លួន កាលពីឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩ ដែលនៅលើយន្តហោះ។ យន្តហោះនេះ បានធ្វើដំណើរពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែបានបាត់ពីរ៉ាដា ពេលកំពុងធ្វើដំណើរ។ ការបាត់ខ្លួនរបស់ MH370 ត្រូវចាត់ទុកជាអាថ៌កំបាំងដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ៕ https://www.youtube.com/watch?time_continue=17&v=Qktdg6yB8Qk https://www.youtube.com/watch?time_continue=184&v=PAr07hMbneg ប្រភពៈ CEN