ប្រុងប្រយ័ត្នផង នារីៗដែលចង់បានសាច់ស្អាត!!! ក្រសួងសុខាភិបាល ប្រកាស​ហាមដាច់ខាត​ មិន​ឲ្យ​ប្រើប្រាស់​សេរ៉ូម Glutaone 600 ឡើយព្រោះ....
-

​ភ្នំពេញៈ​ ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ម្សិលមិញ បាន​អំពាវនាវ​ដល់​សាធារណជន សូម​ប្រុងប្រយ័ត្ន និង​មិនត្រូវ​ប្រើប្រាស់ ឬ​លក់ ផ្សព្វផ្សាយ​សេរ៉ូម​ឈ្មោះ Glutaone 600 ដោយសារតែ​ផលិតផល​នេះ មិនបាន​ចុះបញ្ជី និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួង​ឡើយ​។​

​យោងតាម​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពិនិត្យឃើញ​មាន​គណនី Facebook ចំនួន​៤ ឈ្មោះ Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ​-​ជី សប កំពុង​ផ្សព្វផ្សាយ​លក់​សេរ៉ូម Glutaone 600 (​ជា​ប្រភេទ​ឱសថ​) ដោយ​ផ្សព្វផ្សាយ​ភូតកុហក បោកប្រាស់ និង​បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ​ដូចជា​ ធ្វើ​ឲ្យ​ស្បែ​កស បែប​ស៊ី​ជម្ពូរ​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ម៉ត់​រលោង​ ផ្ដល់​សំណើម​ដល់​ស្បែក​ បំបាត់​មុន​ បំបាត់​ស្នាម​អុជ​ខ្មៅ​ អាច​ម៌​រុយ​ ជាំ​ ជំនួយ​ក្រចក និង​សក់​ស្អាត​ពី​ចុង​សក់ ដល់​ចុងជើង​។​
​ក្រសួងសុខាភិបាល​សូម​បញ្ចា​ក់ថា Glutaone 600 ជា​ផលិត​ក្នុងប្រទេស​ថៃ គ្មាន​អាស័យដ្ឋាន​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​ការ គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​នោះឡើយ​។ ដូចនេះ​ដើម្បី​ជៀសវាង ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត ក្រសួងសុខាភិបាល សូម​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការប្រើប្រាស់​សេរ៉ូម Glutaone 600 ជាបន្ទាន់​។​ ​ក្រសួង នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ចំពោះ​ម្ចាស់​គណនី​ទាំង​៤​ខាងលើ តាមច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​ ៕​ ប្រភពៈ ANN