ទីបំផុត កីឡាករ ធិ អាហ្គោ ចូលរួមក្នុងក្លឹប គុនខ្មែរជើងឯកពិភពលោក របស់លោកឧកញ្ញ៉ា ស្រី ចាន់ថន ជាផ្លូវការហើយ
Sophea
-

នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក ឧកញ្ញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះថា  ដូចបងប្អូនបានដឹងហើយថាកីឡាករ Thiago បានជួបបញ្ហាដែលមិនបានរំពឹងទុកនោះទេ ប៉ុន្មានថ្ងៃចុងក្រោយនេះគាត់បានជួបទុក្ខជាទម្ងន់។ ស្របពេលជាមួយគ្នាខ្ញុំសូមប្រកាសផ្លូវការថា ខ្ញុំបានយកកីឡាករ Thiago មកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោករបស់យើងរួចរាល់ហើយកាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។ គូសបញ្ជាក់ផងដែរខ្ញុំបានចុះហត្ថលេខាយកកីឡាករ Thiago ចូលក្លឹបគុនខ្មែរជើងឯកពិភពលោកតាំងពីពេលដែលគាត់ចុះពីលើយន្តហោះមកទឹកដីកម្ពុជាភ្លាមៗមកម្លេះ។ 

ពេលនោះគាត់កំពុងតែមានសម្ពាធខ្លាំងពីស្ថាប័នរៀបចំកីឡាប្រដាល់មួយនៅប្រទេសអាឡឺម៉ង់។ ហេតុដូច្នេះខ្ញុំចង់ឲ្យកីឡាករ Thiago មានទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមឡើងវិញទើបខ្ញុំសម្រចចិត្តចុះហត្ថលេខាយកគាត់ចូលក្លឹបរបស់ខ្ញុំដោយមិនរុញរាឡើយ។ ស្របពេលជាមួយគ្នាក្រោយពេលគាត់ទទួលបានកម្លាំងចិត្តនិងការគាំទ្រពីសម្តេចពុក និងបងប្អូនទូរទាំងប្រទេសមកដល់ម៉ោងនេះគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តឥតឧបមាឡើយ។ ហើយមូលហេតុដែលខ្ញុំមិនទាន់បង្ហោះសារមួយនេះក៏ដោយសារតែខ្ញុំរងចាំការដោះស្រាយបញ្ហាខ្លះៗជាមុនសិន ហើយមកដល់ម៉ោងនេះខ្ញុំបានចាត់ចែងការងាររបស់គាត់ជាមួយភ្នាក់ងារមួយអន្លើរហើយ។ ខ្ញុំយល់អំពីបញ្ហាដែលកីឡាករ Thiago កំពុងតែជួប ប៉ុន្តែខ្ញុំមិនខ្លាច មិនរុញរាក្នុងការនាំកីឡាករ Thiago ចូលក្លឹបរបស់ខ្ញុំនោះទេ បើទោះបីជាគាត់កំពុងតែមានបញ្ហាធំប៉ុនមេឃក៏ដោយ។ 

មូលហេតុដែលខ្ញុំហ៊ានចុះកិច្ចសន្យាយកកីឡាករ Thiago ក៏ដោយសារតែ គាត់បានលះបង់ទាំងផលប្រយោជន៍ ទាំងពេលវេលាផ្ទាល់ខ្លួន និងទាំងសុខសុវត្ថិភាពអាយុជីវិតរបស់គាត់ដើម្បីគុនខ្មែរ និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ដូច្នេះខ្ញុំមិនអាចក្បត់ឧត្តមគតិរបស់ខ្ញុំបានឡើយ ពោលគឺខ្ញុំត្រូវតែចុះហត្ថលេខាយកគាត់ចូលក្លឹបរបស់ខ្ញុំជាដាច់ខាត។ ក្នុងពេលនេះ Thiago ត្រូវការកម្លាំងចិត្តពីបងប្អូនជាងពេលណាៗទាំងអស់ ដូច្នេះខ្ញុំសូមសំណូមពរឲ្យបងប្អូនមេត្តាគាំទ្រគាត់ ស្រលាញ់គាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន។