ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។
យ៉ាងណាមិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានបញ្ចប់ទៅយ៉ាងរលូនហើយតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបថតអានុស្សាវរីយ៍ជាច្រើនសន្លឹករបស់មេដឹកនាំកំពូលពិភពលោក ដែលបានពាក់ឈុតប្រពៃណីខ្មែរក្នុងពីធីជប់លៀងនៅមជ្ឈមណ្ឌលជ្រោយចង្វារ ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ។
ជាមួយគ្នានេះដែរ ភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលផងដែរ ៕ ប្រភពរូបភាព ៖ Fresh News


























