កម្សាន្ត ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានដឹងហើយថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជាមួយរូបដែលកំពុងតែមានភាពល្បីល្បាញខ្លាំង មិនត្រឹមតែប៉ុណ្ណោះថែមទាំងទទួលបានការកោតសរសើរពីសំណាក់ជនបរទេសទៅលើសមត្ថភាព និងទេពកោសល្យរបស់កញ្ញាផងដែរ ។
យ៉ាងណាមិញនៅក្នុងការប្រគួត Miss Grand International 2022 នៅឯប្រទេសឥណ្ឌូនេស៊ីគឺជាឆ្នាំដែលគួរឲ្យរំភើបនិងសប្បាយចិត្តខ្លាំងមែនទែនសម្រាប់ហ្វេនៗកម្ពុជាដែលគាំទ្រកម្មវិធីមួយនេះព្រោះថា ឆ្នាំនេះបវរកញ្ញាខ្មែរយើង ទទួលបានជ័យលាភីលំដាប់រងទី៥ ។
ជាមួយគ្នានេះដែរក្រោយឈានជើងចូល Top 5 នៅក្នុងកម្មវិធីមួយនេះមកឃើញថា ប្រជាប្រិយភាពរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហក់ឡើងខ្ពស់លឿនណាស់មិនត្រឹមតែមានប្រជាជនខ្មែរជាច្រើនដែលគាំទ្រកញ្ញានោះទេ សូម្បីតែប្រជាជនថៃក៏គាំទ្រកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ភ្លូកទឹកភ្លូកដីផងដែរ ។
ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះលោក Nawat ដែលជាអ្នកគ្រប់គ្រងនៅក្នុងកម្មវិធីមួយនេះបានចេញមកនិយាយច្បាស់ៗនៅក្នុងឡាយរបស់លោកថាសម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេលនេះកំពុងតែមានក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាបានទាក់ទងចង់បានកញ្ញាធ្វើជា ទូតសុឆន្ទៈ ប៉ុន្តែអ្នកគ្រប់គ្រងរូបនេះបានបដិសេធមិនទាន់ទទួលការងារនោះទេ លោកយកពេលរៀបចំតារាការងារឲ្យបានច្បាស់លាស់ជាមុនសិន ។
ជាមួយគ្នានោះដែរលោក Nawat បានបង្ហើបនៅក្នុងឡាយរបស់លោកថា ប្រសិនបើក្រុមហ៊ុនណាចង់បាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺត្រូវផ្តល់តម្លៃខ្លួនដល់បវរកញ្ញារូបនេះក្នុងតម្លៃជិត ៣០០០ ដុល្លារនៅក្នុងរយៈតែមួយម៉ោងប៉ុណ្ណោះ ។ សូមបញ្ជាក់ថាតម្លៃជិត ៣០០០ ដុល្លារក្នុងរយៈពេលមួយម៉ោងនេះគឺគ្រាន់តែជាការបញ្ចុះតម្លៃពិសេសតែប៉ុណ្ណោះ ចំណែកតម្លៃខ្លួនពេញអាចលើសនិងច្រើនដង៕





















