រន្ធត់ចិត្តណាស់ ! បុរសខ្មែរម្នាក់ទៀត រស់នៅខេត្តកំពង់ស្ពឺបាន ស្លា ប់ ដោយសារជំងឺកូវីដ១៩
ស៊ីហៀង
-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំនឹងឲ្យសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់នៅភូមិ បន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៩ : ២០នាទីព្រឹក ។

កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង : ៣០ នាទីព្រឹក បុរសរូបនេះបានចូលមកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ដង្ហក់ពិបាកដកដង្ហើម ។ ពេលមកដល់មន្ទីរពេទ្យ ដោយឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ក៏បានដាក់បុរសរូបនេះនៅក្នុងបន្ទប់ដាច់ដោយឡែក ហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរ៉ុសកូវីដ១៩ ដើម្បីចូលទៅសង្គ្រោះ។ ដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេកពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានបាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ ៩: ២០ នាទីព្រឹក។

ដោយមានសញ្ញាសង្ស័យជំងឺកូវីដ១៩ គ្រូពេទ្យក៏បានយកសំណាក់ដើម្បីពិនិត្យរកមើលវីរុសកូវីដ១៩ ។ នៅវេលាម៉ោង ០៥ :២០ នាទីល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៥៨ ឆ្នាំខាងលើនេះបាន បាត់បង់ជីវិតដោយសារមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ១៩ ៕