បារម្ភណាស់ ! ដោយសារឆ្លងច្រើនពេក ថ្ងៃនេះមានអ្នកជំងឺចំនួន ៤៩៧ មិនទាន់មានកន្លែងសម្រាកព្យាបាលទេ
ស៊ីហៀង
-

ព្រឹត្តិការណ៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យប្រជាជនកម្ពុជាម្នាក់ៗចងចាំមិនមានថ្ងៃភ្លេចទេ គ្រាន់តែផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍មួយនេះឡើងមកភ្លាម ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់គ្នា រហូតមានដល់អ្នកបាត់បង់ជីវិតដោយសារតែជំងឺកូវិដនេះថែមទៀតផង ។ 

ជាក់ស្តែងដូចជាថ្ងៃនេះអញ្ចឹងប្រជាជនជាច្រើនមានអារម្មណ៍តក់ស្លុតគ្រប់គ្នាក្រោយពេលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ នេះថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ករណីឆ្លងថ្មីមានចំនួនរហូតដល់ទៅ ៥៧៦ នាក់ ដែលនេះគឺជាចំនួនដែលច្រើនលើសលុបដែលប្រទេសកម្ពុជាយើងមិនដែលមានចំនួនអ្នកឆ្លងច្រើនបែបនេះនាពេលកន្លងមក ។ 

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល អ្នកឆ្លងថ្មីទាំង ៥៧៦ នាក់នេះ ត្រូវបានរកឃើញនៅក្នុងរាជធានភ្នំពេញ ចំនួន ៥៤៤ នាក់ នៅក្នុងខេត្ដស្វាយរៀងចំនួន ១៦ នាក់ នៅក្នុងខេត្ដព្រះសីហនុចំនួន ១២ នាក់ នៅក្នុងខេត្ដសៀមរាបចំនួន ២ នាក់ នៅក្នុងខេត្ដកណ្ដាល និងកំពង់ចាមចំនួន ១ នាក់ផងដែរ។ ដោយតាមការបញ្ជាក់ អ្នកឆ្លង និងអ្នកជាសះស្បើយខាងលើនេះ គឺជាអ្នកជាប់ពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២០ ទាំងអស់។

ដោយឡែកក្នុងចំណោមអ្នកជំងឺទើបឆ្លងថ្មីចំនួន ៥៧៦ នាក់នេះ មានអ្នកជំងឺចំនួន ៤៩៧ នាក់ នៅមិនទាន់ទទួលបានកន្លែងសម្រាកព្យាបាលនៅឡើយទេ ដោយក្នុងនោះក្រសួងបញ្ជាក់ថា នឹងធ្វើការជូនដំណឹងបន្ដទៀតនៅពេលទទួលបានកន្លែងសម្រាកព្យាបាល៕