ក្រសួងអប់រំ សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤​ ខែមីនា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហកមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ ១៩​ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតេីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រឹះស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕