ទូតខ្មែរនៅថៃ បញ្ជាក់ពីស្ថានភាពរបស់ពលករខ្មែរចំនួន៧នាក់ ដែលបានរងគ្រោះ ក្នុងហេតុការណ៍ បាក់ស្រុតស្ពានអាកាស
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើគេហទំព័ររបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការចុះផ្សាយអំពីករណី ស្ពានអាកាសបាក់ស្រុត នៅខេត្តគររាជសីមា ដែលបណ្តាលឲ្យពលករខ្មែរចំនួន៧នាក់ ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រីចំនួន៣នាក់ តែមិនបណ្តាលឲ្យមានអ្នករងគ្រោះដល់បាត់បង់ជីវិតនោះទេ។

បើយោងតាមតាមការចុះផ្សាយរបស់ ទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា "នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ​ បានចុះមកមន្ទីរពេទ្យមហារាជ ​​ និងការដ្ឋានសាងសង់ផ្លូវ​ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់​ និងស្រី៣នាក់​ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

បញ្ជាក់គ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។​​​ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ​ ចំណែកពលករ៤នាក់​ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ​​ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។​

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក​​ និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន​ នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។​

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ប្អនប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ។