ដី១កន្លែង មានទំហំ ១,៣៧២ម៉ែត្រការ៉េ ដែលអ្នកឧកញ៉ា គិត ម៉េង ប្រគល់ជូន​ សម្តេចតេជោ សម្រាប់ធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា ត្រូវបានកាត់ប្លង់តាមផ្លូវច្បាប់រួចរាល់ហើយ
ស៊ីហៀង
-

ភ្នំពេញ៖ ដីមួយកន្លែង ដែលមានទំហំ ១,៣៧២ម៉ែត្រការ៉េ នៅជិតវត្តភ្នំរាជធានីភ្នំពេញ ដែលអ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីនៅកម្ពុជា បានបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផា តាមរយៈសម្តេចតេជោ ហ៊ុន សែន ត្រូវបានកាត់ប្លង់រឹងធ្វើជាកម្មសិទ្ធរបស់មូលនិធិគន្ធបុប្ផារួចរាល់ហើយ។ 

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីនៅកម្ពុជា បានបង្ហោះសាររំភើបក្រៃលែងថា "ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានថ្លែងក្នុងពិធីពិសាបាយសាមគ្គីកាលពីល្ងាចថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៨។ ហើយថ្ងៃនេះផងដែរ ខ្ញុំមានសេចក្តីសោមនស្សខ្លាំងណាស់ ដែលទទួលដំណឹងជាផ្លូវការអំពីការផ្ទេរកម្មសិទ្ធិដោយស្របច្បាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រកបដោយជោគជ័យ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះនឹងចូលរួមយ៉ាងសំខាន់ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាការផ្តួចផ្តើមឡើងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់សុខភាពសាធារណៈនៅកម្ពុជានិងពង្រឹងតួនាទីដ៏យូរអង្វែងរបស់ខ្លួនក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតកុមាររាប់លាននាក់។

ខ្ញុំជឿជាក់ថាការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នានៅក្នុងសកម្មភាពមនុស្សធម៌នេះនឹងជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តបង្កើតក្តីសង្ឃឹមនិងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាជាដរាបទៅមុខ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅឱកាសអញ្ជើញពិសាបាយសាមគ្គី ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដឹងថា អ្នកឧកញ៉ាគិត ម៉េង បានប្រគល់ដីមួយកន្លែងទំហំ ១,៣៧២ម៉ែត្រការ៉េ តម្លៃជាង ៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា "ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះឧកញ៉ា គិត ម៉េង ដែលមុននេះខ្ញុំបានចខ្ចីដីមួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េ ជាង ដែលឥឡូវនេះ តម្លៃដីនេះប្រមាណជាង៨លានដុល្លារសហរដ្ឋអាមេរិក ល្ងាចនេះឧកញ៉ា គិត ម៉េង ក៏បានប្រគល់ដីនោះ មកឲ្យមូលនិធិនេះតែម្តង...ហើយមូលនិធិក៏បានកាត់ទៅជាទ្រព្យសម្បត្តិរបស់មូលនិធិនេះហើយ ក៏ត្រូវផ្ទេរមូលនិធិដែលផ្តល់ដោយឧកញ៉ា គិត ម៉េង នេះជាបណ្ណកម្មសិទ្ធដីធ្លីរបស់មន្ទីរពេទ្យគន្ធបុប្ផា នេះជាផ្នែកដ៏សំខាន់មួយ"៕