ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ បង្ការការរីករាលដាលច្រើន ចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការណែនាំបន្ថែម ទៅតាមធនាគារ ផ្សារទំនើប ក៏ដូចជា...
ស៊ីហៀង
-

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម និងជាពិសេស នៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ។ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ បង្ការការរីករាលដាលច្រើន ចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការណែនាំបន្ថែម ជូនដល់អាជីវករនៅផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការឆ្លងជាយថាហេតុ នូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជន ទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដូចខាងក្រោម៖

- បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាស់ និងរបាំងមុខការពារឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។

-អតិថិជនទាំងអស់ត្រូវវពាក់ម៉ាស វេជ្ជសាស្រ្ត ឬ ម៉ាសក្រណាត់ ឲ្យត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។

- ធនាគារ ផ្សារទំនើប និងហាងនីមួយៗ ត្រូវ៖

* បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬ ទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬ ជែលលាងដៃ​នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬ ជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។

* រៀបចំទីតាំងឈរ ឬ អង្គុយសម្រាប់បុគ្គលិក និងអតិថិជន របស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១.៥ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។

* ដាក់់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងការណែនាំអនាម័យពេលក្អក- កណ្តាស នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។

* ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច ៣ដងក្នុង១ថ្ងៃ។

-ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពៈ ចៀសវាងការចាប់ដៃគ្នា។

- ម្ចាស់អាជីវកម្ម  អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ ត្រូវរាយការណ៍ ឲ្យបានឆាប់រហ័សជូនដល់អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេលសង្តេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ១៩ (ដែលមានជូនភ្ជាប់មកជាមួយ)។

ក្រសួងសុខាភិបាល សូមអរគុណចំពោះបងប្អូនអាជីករ និងអតិថិជន ទាំងអស់ដែលបានយល់ដឹង និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងពេលកន្លងមក ហើយនឹងបន្តយកចិត្តទុកដាក់ទៅលើវិធានការណែនាំខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាយថាហេតុ៕