NASA ផ្ញើសារអបអរយានអវកាសចិន ដែលបានចុះចតនៅលើភពព្រះចន្ទដោយសុវត្ថិភាព
-

(បរទេស) ទីភ្នាក់ងាររដ្ឋបាលអវកាសជាតិចិនបាននិយាយថាយានអវកាសឆាងអឺ Chang'e 5 បានចុះចតនៅភពព្រះចន្ទនៅម៉ោង ប្រមាណ១១យប់ថ្ងៃអង្គារដោយសុវត្ថិភាព បន្ទាប់ពីបានបាញ់បង្ហោះនៅថ្ងៃទី២៤ វិច្ឆិកា ចេញពីកោះហៃណានភាគខាងត្បូង នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNA កាលពីថ្ងៃទី១ ធ្នូ ម្សិលមិញនេះ។

រដ្ឋាភិបាលចិនបានប្រកាសថាយានអវកាសចិនរបស់ខ្លួនមួយនេះ កំពុងប្រមូលសំណាកថ្មនិងកំទេចកំទីពីភពព្រះចន្ទដើម្បីត្រៀមបញ្ជូនត្រឡប់មកផែនដីវិញ ជាលើកដំបូងបង្អស់សំរាប់កិច្ចការស្រាវជ្រាវលំហ។យានអវកាសឆាងអឺ កំពុងធ្វើការខួងចូលផ្ទៃខាងលើព្រះចន្ទ ដើម្បីប្រមូលថ្មនិងកំទេចកំទីប្រមាណ២គីឡីក្រាមត្រលបមកផែនដីវិញ។

ដោយឡែក មន្រ្តីអវកាសអាមេរិកនិងរុស្ស៊ីបានអបអរសារទរចំពោះភាពជោគជ័យរបស់កម្មវិធីរបស់ចិន។លោកប្រធានបេសកកម្មវិទ្យាសាស្ត្ររបស់អង្គការNASA លោក ថូម៉ាស ហ្សូប៊ូបក (Thomas Zurbuchen)បានសរសេរលើបណ្តាញសង្គមធ្វីតធឺថា“ អបអរសាទរប្រទេសចិនចំពោះការចុះចតឆាងអ៊ីដោយជោគជ័យ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia