ចាប់ខ្លួនបុគ្គលិកឥណទានម្នាក់ ដែលបានប្រើល្បិចបន្លំលុយរបស់ក្រុមហ៊ុនអស់ជិត ២ម៉ឺនដុល្លារ យកទៅ...
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ថៅកែក្រុមហ៊ុនឥណទានមួយ បានចាប់ខ្លួនបុគ្គលិករបស់ខ្លួនប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់ បន្ទាប់ពីរក​ឃើញ​ថា​​បុគ្គលិក​ខាង​លើ​ប្រើ​ល្បិច​លួច​បន្លំ​យក​លុយ​របស់​ក្រុមហ៊ុន​អស់​ជិត​២​ម៉ឺន​ដុល្លារ​កន្លងមក ​នៅ​ចំណុច​ក្រុមហ៊ុន​វីរៈ​ស័ក​ហ្វា​យ​នែ​ន​ មាន​ទីតាំង​នៅផ្ទះ​លេខ​8A ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ជនសង្ស័យ​មាន​ ឈ្មោះ រើ​ន ផានិត ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ​ជា​បុគ្គលិក​ផ្នែក​ឥណទាន របស់​ក្រុមហ៊ុន​វីរៈ​ស័ក​ហ្វា​យ​នែ​ន​ ស្នាក់​នៅផ្ទះ​លេខ​២ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បើយោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះប៉ែន ជាលី ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ តំណាងឲ្យក្រុមហ៊ុនឥណទាន  វីរៈ​ស័ក​ហ្វា​យ​នែ​ន ស្នាក់​នៅផ្ទះ​លេខ​១១k ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​ បើយោងតាមពាក្យបណ្តឹងរបស់ ប៉ែន ជាលី អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ប្រមូល​យកលុយ​ពី​អតិថិជន​បាន​ហើយ ​តែ​មិន​ប្រគល់​ឲ្យ​មក​ក្រុម​ហ៊ុន ដោយ​ភូត​កុហក​ថា អតិថិជន​មិនទាន់​មាន​លុយ​បង់​ឲ្យ​ក្រុមហ៊ុន ដោយសារ​ចំនួន​ទឹកប្រាក់​ខាតបង់​ច្រើន និង​មានការ​សង្ស័យ​ ក្រុមហ៊ុន ​បាន​ប្រើ​បុគ្គលិក​ផ្សេងទៀត​ឲ្យ​ចុះ​ស្រាវជ្រាវ​សួរនាំ​ចំពោះ​អតិថិជន​ដែល​មិនបាន​បង់​លុយ​មក​ឲ្យ​ក្រុមហ៊ុន តែ​ត្រូវ​បាន​អតិថិជន​បង្ហាញ​ឯកសារ​ថា ពួកគាត់​បាន​បង់លុយ​ត្រឹមត្រូវ​តាម​ការសន្យា​គ្រប់គ្រាន់​ ទើប​ឈានទៅដល់​ចាប់​ខ្លួន​ជនសង្ស័យ​ប្រគល់ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែម្ដង​។​

ឈ្មោះប៉ែន ជាលី បានប្រាប់ឲ្យដឹងថា ទឹកប្រាក់​ដែល​បាន​បាត់បង់​ដោយសារ​ការ​លួច​យក​នោះ​មាន​ចំនួន ​១៧ ៥៨៣​ ដុល្លារ​អាមេរិក​។ ចំណែក​ជនជាប់ចោទ​ក៏បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យកលុយ​របស់​ក្រុមហ៊ុន​ទៅ​ចាយវាយ​អស់​ពិតមែន​៕