ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ក្រោយពីធ្វើសកម្មភាព លួចឧបករណ៍នេសាទត្រី (មង) ក្នុងបឹងទន្លេសាប
-

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦ៈ៣០នាទីព្រលប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអតីតឡូត៍លេខ៣ ក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ នេះបើតាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិល បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ តាវ យុាំងថាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម និងទី២ ឈ្មោះ ឡេ យុាំងភឿកលិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន អ្នកទាំងពីស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ វត្ថុដកហូតតាងរួមមាន មធ្យោបាយកាណូតចំនួន១គ្រឿង ម៉ាស៊ីនម៉ាក ហុីយ៉ាន់ដាយ កំលាំង១៤សេះ សំបកស្មាច់ ពណ៏ខៀវ ប្រវែង០៦ម៉ែត្រ និងមងក្រឡា១.៤ហ៊ុនចំនួន ១០ដៃ ប្រវែង ១.០០០ម៉ែត្រ។

ក្នុងរបាយការណ៍ខាងលើបន្តថា ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចស្រាវយកមងដាក់លើការណូតរបស់ខ្លួន របស់ម្ចាស់មងឈ្មោះ មៀង យុាំងចៀង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាមដូចគ្នា ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ អស់ចំនួន ១២៥ដៃ ដោយឃើញជនសង្ស័យកំពុងធ្វើសកម្មភាពបែបនេះ ទើបទូរស័ព្ទរាយការណ៍ប្រាប់កម្លាំងប្រជាការពារភូមិ មកឡោមព័ទ្ធចាប់បានតែម្ដង ៕