នេះហើយឥទ្ធិពលគ្រឿងញៀនចូលខ្លួន បង្កហិង្សាយកដំបងដែក វាយបងប្រុសបង្កើត បណ្តាលឲ្យបាក់ដៃ និងបាក់ឆ្អឹងជំនី ហើយជេរប្រមាថទាំងម្តាយបង្កើត និងជេសមត្ថកិច្ចទៀតផង
-

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៥០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យម្នាក់ មានឈ្មោះ ឈិត សីហា ហៅយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា មានប្រពន្ធឈ្មោះ ប្រាក់ រាតាវុទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុករស់នៅផ្ទះកើតហេតុខាងលើ។ បានប្រើប្រាស់គ្រឿងញៀន លើសកំរិតបានរករឿងឈ្លោះជាមួយក្រុមគ្រួសារ រហូតឈានដល់ទាញដំបងឈើដែក វាយទៅលើបងបង្កើត មានឈ្មោះ ឈិត ចាន់វិច្ឆិកា អាយុ៣៥ មុខរបរកម្មកររោងចក្រ រស់នៅផ្ទះកើតហេតុជាមួយគ្នា។ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជេរប្រមាថទាំងម្តាយបង្កើតខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ក៍ស្រែកជេរគំរាមសមត្ថកិច្ចទៀតផង។

មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបង្កជម្លោះក្នុងគ្រួសារ ឈ្លោះជាមួយបងប្រុសបង្កើត រហូតឈានដល់ទាញដំបងឈើដែក វាយទៅលើបងបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃ និងបាក់ឆ្អឹងជំនី និងបានជេរប្រមាថទាំងម្តាយបង្កើតខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហើយជនបង្កបានទាំងស្រែកជេរសមត្ថកិច្ចយ៉ាងព្រហើនទៀតផង។

តែយ៉ាងណា កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងក្រសាំង សម្រុកចូលចាប់ឃាត់ខ្លួនជនបង្កបានភ្លាមៗ និងនាំយកទៅអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕