មិនខ្លាចស្លាប់ទេអី? លើកមុនស្លាប់ម្នាក់ និងរបួសជាច្រើនអ្នក ដោយសារគ្រាប់កាំភ្លើងធំមួយនេះ លើកនេះលេងសុទ្ធតែចឹងម៉ង....
-

ត្បូងឃ្មុំៈ ប្រជាពលអ្នកនេសាទត្រី ជាច្រើនក្នុង ភូមិព្រៃតូច ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានយកគ្រាប់កាំភ្លើងធំ​១០៥មីលីមែត្រ រហូតដល់១៥៥មីលីមែត្រ​ ទៅចងជើងអួនយកទំងន់សង្កត់ជើងអួនដល់បាតទឹក ដើម្បីចាប់ត្រីទៅវិញ ដោយមិនខ្លាចពីគ្រោះថ្នាក់អ្វីបន្តិចសោះ។

នេះបើតាមលោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សរសេរលើ Facebook របស់លោកថា «ចាប់ចងខ្មាំងមួយគូហ្នង! តាមពិតបងប្អូនប្រជានេសាទត្រី​ យកគ្រាប់កាំភ្លើងធំ​ ១០៥មីលីមែត្រ រហូតដល់១៥៥មីលីមែត្រ​ ទៅចងជើងអួនយក ទំងន់សង្កត់ជើងអួនដល់បាតទឹកចាប់ត្រីដល់ក្នុងភក់ឯណោះ! ករណីបែបនេះហើយ​ ទើបពួកគាត់ឆ្នៃគ្រាប់ដោយស្លសំណរចាក់បន្ថែមទំងន់ក៏ផ្ទុះស្លាប់ និងរងរបួសកាលកន្លងទៅថ្មីៗនេះ។

លោកបន្តថា «គ្រាប់ទាំង២នេះ ប្រជាពលរដ្ឋប្រគល់ឲ្យប៉ូលីស ស្ថិតនៅក្នុងភូមិព្រៃតូច ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។​ សូមបងប្អូនប្រជានេសាទ បញ្ឈប់នូវទង្វើនេះ​ និងសុំប្រគល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ មកនគរបាលប៉ុស្តិ៍នៅមូលដ្ឋាន ឬទំនាក់ទំនងមកអង្គភាពស៊ីម៉ាក់ ដែលឈរជើងក្បែរៗនោះ» ៕