ក្របួច.កចោរឆក់ទូរស័ព្ទដៃ វ័យក្មេង៣នាក់ ក្នុងក្រុងព្រះសីហនុ
-

ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោង២២ៈ៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់ជនជាតិចិនម្នាក់ ពេលដែលដើរតាមផ្លូវនិយាយទូរស័ព្ទ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ បានធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ៣នាក់។ ក្នុងនោះរួមមាន ទី១.ឈ្មោះ អៀង ប៊ុនធីប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២.ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣.ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ WU RUN ZE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់រួមមានៈ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ។

ចំពោះវត្ថុតាងចាប់យកបានរួមមានៈ ម៉ូតូ១គ្រឿង ម៉ាកសង់ប៉ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១BG-០៣១១ មធ្យោបាយជិះធ្វើសកម្មភាព។ ចំពោះទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ដែលពួកគេឆក់បាន ពួកគេបានទម្លាក់ចូលក្នុងទឹកសមុទ្រនៅសេះស ពេលដែលពួកគេរត់គេចពីកម្លាំងសមត្ថកិច្ច។ ក្នុងករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕