សោកស្ដាយខ្លាំងណាស់!!! គិតត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០១៨នេះ គ្រោះធម្មជាតិនៅខេត្តបាត់ដំបង ប៉ះពាល់លំនៅដ្ឋានប្រជាជន២៧៥ខ្នង និងស្រូវជាង៥ម៉ឺនហិកតា ត្រូវរងទឹកជំនន់លិចអស់
បាត់ដំបងៈ លោក ប៊ុត គឹមស៊ាន បានលើកឡើងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយ នៅខេត្តបាត់ដំបង រងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងនោះរួមមានផ្ទះប្រជាពលរដ្ឋចំនួន២៧៥ខ្នង និងស្រូវចំនួន៥៧០៨២ហិកតា ដែលរងខូចខាត់ដោយសារតែទឹកជំនន់។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ៧ខែ ដើមឆ្នាំ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លោកបានបន្តទៀតថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ គ្រោះមហន្តរាយនៅខេត្តបាត់ដំបង ខ្យល់កន្ត្រាក់បានកើតឡើង១៨លើក លើភូមិចំនួន៣៥ ឃុំចំនួន២១ ស្រុកចំនួន១០ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៤៦ខ្នង (ធ្ងន់ធ្ងរ២១ខ្នង សាលារៀន៣ខ្នង)។ គ្រោះទឹកជំនន់ ប៉ះពាល់ឃុំចំនួន៣៩ឃុំ ស្រុកចំនួន៤ (ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកបវេល និងស្រុកថ្មគោល) ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១២៩ខ្នង ស្រូវចំនួន២៥.២០៤ហិកតា ខូចខាតស្រូវ២៩៦៧ហិកតា ស្រូវសង្រ្គោះចំនួន៥.៩៩២ហិកតា និងខូចខាតដំណាំបន្លែចំនួន៥១ហិកតា។ លោកបញ្ជាក់ថា ចំពោះគ្រោះរាំងស្ងួត បានប៉ះពាល់ឃុំចំនួន៣០ឃុំ ស្រុកចំនួន៥ (ស្រុកថ្មគោល ស្រុកមោងឬស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) ប៉ះពាល់ស្រូវប្រជាពលរដ្ឋ ៣១.៨៧៨ហិកតា និងខូចខាតទាំងស្រុងចំនួន១៦៨ហិកតា សង្រ្គោះចំនួន៥.៩៩២ហិកតា។ លោកបន្ថែមថា ជាការឆ្លើយតប គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសហការជាមួយសាខាកាកបាទក្រហមខេត្តបាត់ដំបង នាំអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់គ្រួសាររងគ្រោះ ទាំងគ្រួសារទីទាល់ក្រ ជនពិការ និងចាស់ជរា សរុបចំនួន១៣៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ក្រមា១ សារ៉ុង១ និងថវិការចំនួន២ម៉ឺនរៀល (អ្នកប៉ះពាល់ធ្ងន់ធ្ងរបានថវិកា៤ម៉ឺនរៀល)៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។