អាជ្ញាធរទីក្រុង​ហាណូយ ​បានព្រមានដ៏ពលរដ្ឋ​ ឲ្យ​បញ្ឈប់​ប្រពៃណី​ទទួលទាន​សាច់​ឆ្កែ ជាបន្ទាន់ព្រោះតែ.….
-

ហាណូយៈ កាលពី​ថ្ងៃ​អង្គារ មន្ដ្រី​ក្រុង​ហាណូយ បាន​ទទូច​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ប្រពៃណី​ទទួលទាន​សាច់​ឆ្កែ ដោយ​បាន​និយាយ​ថា អាហារ​ពេញនិយម​នេះ​កំពុង​តែ​បំផ្លាញ​មុខមាត់​ទីក្រុង និង​ពង្រីក​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត​។ សាច់​ឆ្កែ​អាំង ស្ងោរ និង​ចំហុយ អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​នានា និង​ភោជនីយដ្ឋាន​ទូទាំង​ក្រុង​ហាណូយ​ដែល​ល្បីល្បាញ​ចំពោះ​អាហារ​តាម​ចិញ្ចើមផ្លូវ​ដ៏ឈ្ងុយឆ្ងាញ់ ហើយ​សាច់​ឆ្កែ​ក្លែម​ជាមួយ​ស្រាស ឬ​ស្រាបៀរ​កាន់តែ​វិសេស​។

ប៉ុន្ដែ​គណៈកម្មការ​ប្រជាមានិត​ក្រុង​ហាណូយ​បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ប្រពៃណី​ទទួលទាន​សាច់​ឆ្កែ ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ឆ្លង​ពី​សត្វ​ជាច្រើន​ទៀត​។ គណៈកម្មការ​ក៏​បាន​ទទូច​ពលរដ្ឋ​ឈប់​ទទួលទាន​សាច់​ឆ្មា​ដែល​ហៅថា «​ខ្លា​តូច​» លើ​តារាង​មុខម្ហូប​វៀតណាម ដែល​មិន​សូវ​ពេញនិយម​ដូច​សាច់​ឆ្កែ តែ​ក៏​សម្បូរ​លក់​ស្ទើរ​គ្រប់​ទីកន្លែង​ដែរ​។
យោង​តាម​សេចក្ដី​ថ្លែងការណ៍​បាន​បង្ហាញ​ថា ទម្លាប់​សម្លាប់​សត្វ​ធ្វើ​ម្ហូប​នេះ​ពិត​ជា​សាហាវ​ព្រៃផ្សៃ​ណាស់ ហើយ​អាជ្ញាធរ​ក្រុង​ហាណូយ​សង្ឃឹម​ថា​ប្រពៃណី​ដ៏យូរលង់​នេះ​នឹង​ត្រូវ​បញ្ចប់​។ គណៈកម្មការ​ប្រជាមានិត​ក្រុង​ហាណូយ​បាន​បន្ដ​ថា​វា​ជា​ការ​ថែរក្សា​កេរ្ដិ៍ឈ្មោះ​ក្រុង​ហាណូយ​ជា «​ទីក្រុង​ស៊ីវិល័យ និង​ទាន់សម័យ​» ក្នុង​ក្រសែ​ភ្នែក​ជនបរទេស​ដែល​ពួកគេ​ជាច្រើន​យល់​ឃើញ​ថា ការទទួលទាន​សាច់​សត្វ​ជា​ការបំពាន​ដល់​សត្វ​។
សេចក្ដី​ថ្លែងការណ៍​បន្ដ​ថា​៖ «​ការជួញដូរ ការសម្លាប់ និង​ការប្រើ​សាច់​ឆ្កែ និង​ឆ្មា បាន​បង្ក​ជា​ប្រតិកម្ម​អវិជ្ជមាន​ពី​សំណាក់​ភ្ញៀវទេសចរ និង​ជនបរទេស​រស់នៅ​ក្នុង​ក្រុង​ហាណូយ​»​។ ឆ្កែ និង​ឆ្មា​ជាង ៤៩៣០០០ ក្បាល​ក្នុង​ទីក្រុង​ដែល​ចំនួន​ដ៏ច្រើន​លើសលប់​ត្រូវ​បាន​បីបាច់​ជា​សត្វ​ចិញ្ចឹម និង​មាន​ហាង​ប្រមាណ ១០០០ ទីតាំង​បើក​លក់​សាច់សត្វ​នេះ​។ មនុស្ស៣​នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ក្នុង​ក្រុង​ហាណូយ តាំងពី​ដើម​ឆ្នាំ​ហើយ២ នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​អះអាង​ថា​ឆ្លង​ជំងឺ​។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​។
ទីក្រុង​ធំ​របស់​វៀតណាម​មួយ​នេះ​មាន​ឈ្មោះ​ល្បីល្បាញ​ចំពោះ​ម្ហូប​ចិញ្ចើមផ្លូវ ហើយ​តូប​អាហារ​ដូចជា ហាង​គុយទាវ​ហ្វឺ និង​សាំងវិច ប៉ាតេ បាញ់មី ជាប់​ក្នុង​តារាង​មុខម្ហូប​នៅ​ទូទាំង​ពិភពលោក​ចាប់ពី​ក្រុង​ប៉ារីស​រហូត​ដល់​ភីតប៊ើក​។ ក្រុង​ហាណូយ​ ក៏​ជា​ទីឋាន​សម្រាប់​អ្នក​ផ្សងព្រេង​ស្វែងរក​ម្ហូបអាហារ និង​សាច់​ប្លែកៗ ​រួមមាន សាច់​ពស់ សាច់​កង្កែប ពង​ទា​កូន ឬ​ស៊ុប​អណ្ដើក​ជាដើម​៕
ប្រភពៈ thestar.media