នៅដើមខែតុលានេះ លោកព្រាប សុវត្ថិ ត្រៀមនាំល្ខោនខោលទៅបង្ហាញនៅជប៉ុន
-

មហាជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើរូបថតមួយចំនួនជាច្រើនសន្លឹក របស់កំពូលតារាចម្រៀងចាស់វស្សា ប្រចាំនៅផលិតកម្មយក្សក្នុងស្រុកខ្មែរ គឺលោក ព្រាប សុវត្ថិ។ រូបថតជាច្រើនសន្លឹក ដែលបង្ហោះឡើងនៅក្នុង Facebook Page ផ្ទាល់ខ្លួនរបស់លោក បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយសារក្នុងនោះ គេឃើញមានសកម្មភាពជាច្រើន ដែលលោកមានការសម្ដែងរួមជាមួយនឹងទម្រង់សិល្បៈបុរាណខ្មែរជាច្រើនទម្រង់។

បើតាមការបង្ហើបឲ្យដឹងពីអ្នកដឹកនាំសម្ដែងផ្ទាល់ ក្នុងផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ថា ថ្មីៗនេះ គឺលោក ព្រាប សុវត្ថិ ពិតជាបានថតរូបភាពវីដេអូ យកមកបញ្ចូលក្នុងបទចម្រៀងថ្មីរបស់លោក ដើម្បីផ្សព្វផ្សាយ ក្នុងឱកាសដែលលោកនឹងឡើងទៅសម្ដែងនៅប្រទេសជប៉ុន នាអំឡុងដើមខែតុលាខាងមុខនេះប្រាកដមែន គឺនៅក្នុងពិធីជួបជុំកំពូលតារាអាស៊ាន ដែលក្នុងនោះ ប្រទសសកម្ពុជាយើង មានលោក ព្រាប សុវត្ថិ ផ្ទាល់ជាអ្នកតំណាង។
កម្មវិធីនេះ បានប្រារព្វឡើងជាច្រើនឆ្នាំមកហើយ ហើយនេះក៏ជាលើកទី៣ផងដែរ សម្រាប់កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្តិ ដែលត្រូវបានប្រទេសជប៉ុនជាម្ចាស់កម្មវិធី អញ្ជើញធ្វើជាតំណាងរបស់កម្ពុជា។ សម្រាប់ឆ្នាំនេះ លោកបាននិពន្ឋបទភ្លេងថ្មីទាំងស្រុង ដូចឆ្នាំមុនៗដែរ ហើយក្នុងនោះ ទាំងចង្វាក់ និងទំនុកបានបង្ហាញ និងស្ដែងចេញពីលក្ខណៈទ្រង់ទ្រាយរបស់ខ្មែរសុធសាធ មានបញ្ចូលឧបករណ៍ភ្លេងខ្មែរជាច្រើន ដូចជា ខ្លុយ ប៉ីអក ទ្រ សាដៀវ ស្គរធំ និងតាខេផងដែរ។
រួមជាមួយនោះ អ្វីដែលកាន់តែពិសេសថែមទៀត បើតាមកាលេចឮមក ពីលោក សេង សុវណ្ណារ៉ា ដែលជាអ្នកដឹកនាំសម្ដែងបទនេះផ្ទាល់ បានឲ្យដឹងផងដែរថា ក្នុងរូបភាពនេះ លោកបានឲ្យកំពូលតារាចម្រៀងព្រាប សុវត្ថិ តុបតែងកាយជា៤សម័យកាល គឺសម័យលង្វែក, សម័យឧត្តុង្គ, សម័យចតុមុខ និងសម័យទសវត្សឆ្នាំ៦០។ លើសពីនេះទៅទៀត លោកក៏បានបញ្ចូលនូវទម្រង់សិល្បៈបុរាណមួយចំនួនដែលមានទ្រង់ទ្រាយជារបស់ខ្មែរ និងក៏ជាប្រធានបទដ៏ក្ដៅគគុកមួយដែលប្រជាជនខ្មែរកំពុងចាប់អារម្មណ៍ នោះគឺទម្រង់ល្ខោនខោល និងរបាំអប្សរាផងដែរ។
លោកបានអះអាងផងដែរថា លោកមានក្ដីរំពឹង និងជឿជាក់ថា យ៉ាងហោចណាស់ ក៏វេទិកាមួយនេះ បានញ៉ាំងឲ្យភ្ញៀវ និងទស្សនិកជន អន្តរជាតិជាច្រើន ជ្រាបកាន់តែច្បាស់តាមរយៈខ្សែវីដេអូចម្រៀងមួយនេះ ថាល្ខោនខោលខ្មែរ ដែលអង្គការយូណេស្កូ ត្រៀមនឹងបញ្ចូលទៅក្នុងសម្បិត្តបេតិកភណ្ឌអរូប៉ីពិភពលោក របស់មនុស្សជាតិ ថាវាជារបស់ខ្មែរផងដែរ។
គួរបញ្ជាក់ថា លោក ព្រាប សុវត្ថិ និងនាំក្រុមសម្ដែងរបស់លោក រួមមាន កូនៗទាំង៣, ភរិយា, ក្រុមណា និងក្រុមភ្លេងរបស់លោក ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាដើមខែតុលាខាងមុខនេះ ៕
ប្រភព៖ gntimes