ពលរដ្ឋថាលោកអធិការខណ្ឌដូនពេញ ទើបឡើងថ្មី ដូចតែលោកអធិការខណ្ឌចាស់ មិនរវីរវល់រឿងទៅបង្ក្រាបអុីនធឺណេត២៤ម៉ោង ក្នុងមូលដ្ឋានទេ ដោយសង្ស័យថា ម្ចាស់ទីតាំងសុទ្ធតែខ្សែរអ្នកធំ
-

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពីលោក ទៀង ច័ន្ទសារ ដែលជាអធិការនគរបាលខណ្ឌដូនពេញទើបតែឡើងមកគ្រប់គ្រងថ្មី ព្រមទាំងលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មី ពួកគាត់មិនដែលឃើញចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើស និងទីតាំងណេត២៤ម៉ោង ដែលបង្កប់ល្បែងសុីសងខុសច្បាប់ ដែលធ្វើឲ្យក្មេងៗជំនាន់ក្រោយ វក់វង្វេងភ្លេចការរៀនសូត្រ ភ្លេចបាយទឹក ដោយបង្កឲ្យអសន្តិសុខក្នុងសង្គមថយចុះជាខ្លាំងចំពោះទីតាំងទាំងនោះ។

ជាក់ស្ដែងអាជ្ញាធរ​និងសមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ ហាក់បីដូចជា​មើលមិនឃើញទីតាំង ​បើក​ហេ្គម​អុីនធឺ​ណេត២៤​ម៉ោង​ ដោយមានចាក់បាល់តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដែលមាននៅតាម​បណ្តោយ​ផ្លូវ​១៩ ​ដែលស្ថិតក្នុងសង្កាត់​ ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងកំពុងតែបើកលេងយ៉ាងរលូនមិនរំខានដល់អាជ្ញារធ័រមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញផ្ទះទីតាំងបើកហ្គេមអ៊ីនធឺណេត២៤ម៉ោងខាងលើ បានឲ្យដឹងថា សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអាណាធិបតេយ្យ សម្លេងឡូឡា អ៊ូរអរ ធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ពួកគាត់។ ទីតាំងបើកហ្គេមអ៊ីនធឺណេត២៤ម៉ោងនេះ គេឃើញបើកលេងជាយូរមកហើយ មិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ​ដូនពេញ​ ចុះមកបង្ក្រាបម្ដងណាឡើយ ប្រហែលខាងអាជ្ញាធរនិងសមត្តកិច្ច មិនដឹងថាទីនោះជាទីតាំងបើកហ្គេមអ៊ីនធឺណេត២៤ម៉ោង ក៍មិនដឹង? ។
ប្រជាពលរដ្ឋរស់នៅក្បែរៗទីតាំងហ្គេមអ៊ីនធឺណេត២៤ម៉ោងខាងលើ បានធ្វើការសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌ​ដូនពេញ​ ក៏ដូចជាលោក អធិការនគរបាលខណ្ឌដូនពេញ សូមលោកមេត្តាចុះមកត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបនៅផ្ទះបើកល្បែងស៊ីសងទីតាំងហ្គេមអ៊ីនធឺណេត២៤ម៉ោងខាងលើនេះផង។ ភ្ងាក់ងារសាព័ត៌មាន Khmer News យើងខ្ញុំ និងធ្វើការបកស្រាយជូន ពីអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាខាងលើនេះជានិច្ច ៕
ដោយៈ ភារ៉ា