ខឹងប្រធានមន្ទីរធ្វើរបាយការណ៍ មិនទាន់ពេល លោកអភិបាលខេត្តចារពាក្យមួយឃ្លាលើរបាយការណ៍ថា...
-

មានហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលមានការបែកធ្លាយនូវឯកសារមួយដែលត្រូវបានគេស្គាល់ថាជាឯកសាររបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំជូនមកកាន់អភិបាលខេត្តកំពង់ធំ ស្តីអំពីករណីការកាប់ឈើធ្នង់ ហើយត្រូវបានលោកអភិបាលខេត្តកំពង់ធំចារត្រលប់ទៅវិញ ជាមួយនឹងពាក្យអសុរសខ្លាំងមែនទែនដោយសារតែការធ្វើរបាយការណ៍នេះយឺតយ៉ាវខ្លាំងពេក។

យោងទៅតាមរូបភាពដែលត្រូវបានគេចុះផ្សាយដោយសារព័ត៌មានដើមអម្ពិលកាលពីពេលថ្មីៗនេះបានបង្ហាញអំពីចំណាររបស់លោកអភិបាលខេត្តកំពង់ធំ ដែលបានចារត្រលប់ទៅប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថា «ធ្វើរបាយការណ៍យឺតយ៉ាងនេះ បែបស៊ីអាចម៌​​ មិនទាន់ឆ្កែទេ»។ ខណៈដែលលោកប្រធានមន្ទីរបានធ្វើរបាយការណ៍ស្តីអំពីករណីលួចកាប់ឈើធ្នង់ ដែលបានកើតឡើងតាំងពីថ្ងៃទី៥ ខែ សភា ឆ្នាំ២០១៧ ប៉ុន្តែប្រធានមន្ទីរបែរជាទើបតែធ្វើរបាយការណ៍ជូនមកលោកអភិបាលកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ទៅវិញ។
លក្ខណៈយឺតពេលខ្លាំងរហូតដល់ទៅមួយខែឯណោះ។ការបែកធ្លាយដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាលើកទី១ហើយ ដែលយើងបានឃើញការប្រើប្រាស់នូវភាសាដែលមិនសមរម្យ ចំពោះមន្ត្រីថ្នាក់ក្រោមឱវាទ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះក៏ដោយសារតែការរាយការណ៍របស់មន្ត្រីថ្នាក់ក្រោមមានភាពយឺតយ៉ាវហួសប្រមាណពេក ទើបធ្វើឱ្យលោកអភិបាលខេត្តប្រើប្រាស់នូវភាសាបែបនេះដើម្បីចារនៅលើរបាយការណ៍ដែលបានផ្ញើរមកជូនគាត់ពិនិត្យ៕
ប្រភព៖ ដើមអម្ពិល