ម៉ូតូកង់បីឥណ្ឌាត្រូវរថយន្តម៉ាកព្រូសប្រលះពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ដោយសារតែឆ្លងផ្លូវ....
ណារ៉ា
-

ភ្នំពេញ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តម៉ាកព្រូសបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យក្រឡាប់កង់បីផ្ងារជើងច្រង៉ាងបង្កឲ្យមានអ្នករងរបួសម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង 2 និង 00 នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យទី 17 ខែកញ្ញាឆ្នាំ 2018 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិងផ្លូវ 106 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខមុនីចេតិយ) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត-1N-5890 បើកតាមបណ្ដោយផ្លូវ 106 ទិសដៅពីកើតទៅលិចមិនគោរពភ្លើងសញ្ញាចរាចរណ៏ឆ្លងបានពាក់កណ្តាលផ្លូវក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-0023បើកតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងបុកម៉ូតូកង់បីឥណ្ឌានោះយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាភ្ញៀវរបស់កងបីឥណ្ឌានោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះរីឯរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំរីឯម៉ូតូកង់បីឥណ្ឌាវិញបែកកញ្ចក់ខាងមុខធ្លាក់មកក្រោមនិងក្រឡាប់ផ្ងារជើងច្រង៉ាង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងដំណើរកាត់ហេតុវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាយកទេរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕