នេះបានហៅថាលោកចោរ!!! លួចរថយន្តពីកំពង់ស្ពឺ បើកទៅគាស់ផ្ទះគេបន្តទៀតនៅកំពង់ធំ បានម៉ូតូ១គ្រឿងទៀត តែចង្រៃត្រូវប៉ូលិសក្របួចជាប់វត្ថុតាំង ចំណែកលោកចោររត់ចែកជើងគ្នា...
-

កំពង់ធំៈ កាលពីវេលាម៉ោង១ៈ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មានករណីចោរមួយក្រុម បានជិះរថយន្ត​ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ​ បំណងលួចយករថយន្ត ប៉ុន្តែ​មិនបានសម្រេច ពួកចោរ​ ក៏យកបានម៉ូតូមួយគ្រឿង បណ្តើរដាក់លើរថយន្តរបស់ពួកគេ ជិះគេចខ្លួន តែត្រូវសមត្ថកិច្ចគៀបជាប់ ក៏នាំគ្នារត់ប្រាស់អាយូស។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានចោរលួចម៉ូតូទាំងយប់ ភ្លាមៗនោះ កម្លាំងដែលចេញល្បាត ក៏តាមប្រមាញ់ជួបរថយន្ដភិនភាគ ដូចសេចក្តីរាយការណ៍ ទើបបើកតាមពីក្រោយ លុះជិតដល់ ភូមិសានគរ ជនសង្ស័យ បានបើកឡានត្រឡប់ក្រោយ ឃើញដូច្នោះ ទើបកម្លាំងចេញទៅដល់ចំណុច រមាងងាប់ ស្រាប់តែជនសង្ស័យឈប់រថយន្ដហើយបើកទ្វារចុះរត់បាតជើងសព្រាត បន្សល់ទុករថយន្ដចោល ហើយដោយសារតែយប់ងងឹត ទើបសមត្ថកិច្ចសម្រេចចិត្តយករថយន្ដមកកាន់បញ្ជាការរដ្ឋានអាវុធហត្ថខេត្តវិញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត តែពេលស្រាវជ្រាវ ទើបដឹងថា រថយន្ដនោះ គឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីចោរកម្មគាស់ផ្ទះលួចខាងលើនេះ គឺពួកគេធ្វើសកម្មភាព នៅភូមិស្នោរ លួចបានម៉ូតូមួយគ្រឿង និងនៅភូមិត្រពាំង លួចបានម៉ូតូ១គ្រឿងទៀត ប៉ុន្តែសមត្ថកិច្ចយកបានវិញតែ១គ្រឿងទេ មួយគ្រឿងទៀត មិនទាន់រកឃើញនៅឡើយ ៕