ស្រវឹងបើករថយន្តធុនធំទៅបុករះម៉ូតូកង់បីនិងម៉ូតូ១គ្រឿងហើយព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់
ណារ៉ា
-

ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ បានបើករថយន្តកុងតឺន័រទៅបុករះម៉ូតូកង់បី និងម៉ូតូ១គ្រឿងដែលធ្វើដំណើរស្របគ្នាបណ្ដាលឲ្យរងការខូចខាត រួចហើយរថយន្តបង្កព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែផ្សារបេសេ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសម្ដីម្ចាស់ម៉ូតូកង់បី (ម៉ូតូឥណ្ឌា)ពាក់ស្លាកលេខភ្នំពេញ 1HE-5128 និងម្ចាស់ម៉ូតូViVA ពាក់ស្លាកលេខ កណ្ដាល1M-9590 ដែលអ្នករងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅពេលកើតហេតុនោះគឺ ពួកគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅស្របគ្នាពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក កុងតឺន័រធុនធំ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0010 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង បានធ្វើដំណើរតាមក្រោយក្នុងល្បឿនល្មម និងរេចង្កូតពេញផ្លូវ ក៏ជ្រុលមកបុកម៉ូតូកង់បីពីក្រោយ ហើយខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើររងរបួស ។ ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបន្តដំណើរទៅមុខទៀតដើម្បីរត់គេច តែជិតដល់ស្ពានដែកក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅទីនោះឃាត់ជាប់ទាំងរថយន្ត និងតៃកុង ។
ដោយឃើញស្ថានភាពករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនសូវធ្ងន់ធ្ងរ សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យភាគីរថយន្តបង្ក និងម្ចាស់ម៉ូតូកង់បី ព្រមទាំងម៉ូតូដែលរងគ្រោះធ្វើការដោះស្រាយគ្នា ដោយតៃកុងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅលើម៉ូតូកង់បី និងម៉ូតូរងគ្រោះឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង ៕