ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹម មកឲ្យកម្ពុជា ល្ខោនខោល​ជារបស់ខ្មែរ តែមួយគត់
-

ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នៅ​ផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។ ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។
ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាច ប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។ ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។ ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូម រង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។
ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។ សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។ ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។ ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ​ ៕
ប្រភពៈ Pheng Vannak News