អស្ចារ្យខ្លាំងណាស់កម្ពុជា!!! ចូលរួមត្រេកអរ ដល់កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដែលនាំយកមេដៃមាស ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី​ មកឲ្យកម្ពុជា
-

ហ្សាការតាៈ ទីបំផុតកម្ពុជា ដណ្ដើមបានមេដាយមាស​ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី​ ហើយក៏ជាមេដាយមាសដំបូងសម្រាប់បេសកកម្ម របស់អត្តពលិកកម្ពុជាឆ្នាំនេះផងដែរ ដែលដណ្ដើមបានដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បន្ទាប់ពីកញ្ញាបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម នៅទីក្រុងហ្សាកាតា មុននេះបន្ដិច ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម បានឲ្យដឹងពីប្រទេសឥណ្ឌូនេស៊ីថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់គ្រួសារកីឡាជាតិកម្ពុជា ដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ហើយក៏ជាមេដាយមាសទី២ ក្នុងប្រវត្តិសាស្ដ្រផងដែរ បន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡា Asian Games លើកទី១៧ នៅសាធារណរដ្ឋកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤ ។
គួរបញ្ជាក់ថា ទម្រាំបើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយមាសជូនជាតិ ក្នុងនាមប្រភេទកីឡាថ្មី ដែលទើបបានចូលរួមប្រកួតកីឡាអាស៊ីលើកដំបូង ក្នុងឆ្នាំ២០១៨នេះ ខាន់ ចេសា បានឆ្លងកាត់ការប្រកួត ៦លើក ក្នុងនោះប្រកួតទី១ ឈ្នះកីឡាការិនីថៃ ១០០-០ពិន្ទុ, ប្រកួតទី២ ឈ្នះកីឡាការិនីចិនដោយស្វ័យប្រវត្តិ បន្ទាប់ពីកីឡាការិនីចិនបោះបង់ការប្រកួត, ប្រកួតទី៣ ឈ្នះពិន្ទុដាច់លើកីឡាការិនីអីរ៉ង់, ប្រកួតទី៤ ឈ្នះកីឡាការិនីហ្វីលីពីនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១០០-០ពិន្ទុ និងចុងក្រោយផ្ដួលកីឡាការិនីអារ៉ាប់រួម ដណ្ដើមយកមេដាយមាសតែម្ដង៕
ប្រភពៈ Heng Ly